(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាធ្វើការជំរុញ ឱ្យក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរ ពន្លឿននីតិវិធីប្រតិបត្តិពិសេស (SOP) សម្រាប់ការបញ្ជូន និងគ្រប់គ្រងពលករកម្ពុជា ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឱ្យបានឆាប់ ដើម្បីចាប់ផ្តើមអនុវត្តនូវអនុស្សារណៈយោគយល់គ្នា ដែលរដ្ឋាភិបាលទាំងពីរ បានចុះហត្ថលេខា កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។

ជំហរដ៏មុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ជាមួយលោក Dato' Sri Hasan Malek ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងទីស្ដីការក្រសួងការងារ ដើម្បីពិភាក្សលើកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងម៉ាឡេស៊ី។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញឱ្យក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរ ពន្លឿននីតិវិធីប្រតិបត្តិពិសេស (SOP) សម្រាប់ការបញ្ជូន និងគ្រប់គ្រងពលករកម្ពុជា ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឱ្យបានឆាប់ ដើម្បីចាប់ផ្តើមអនុវត្តនូវអនុស្សារណៈយោគយល់គ្នា (MoU) ដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខា កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ។

លោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានជូនដំណឹងដល់ភាគីកម្ពុជាអំពី ការអនុញ្ញាតឡើងវិញ ក្នុងការជ្រើសរើសពលករថ្មី សម្រាប់បម្រើការងារក្នុងវិស័យចំនួន៣ រួមមាន៖ ទី១.ការងាររោងចក្រ, ទី២.ការងារសំណង់, ទី៣.ការងារកសិកម្ម។ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លងមកភាគីម៉ាឡេស៊ី ក៏បានផ្តល់ការបណ្តុះបណ្តាលដល់ គ្រូបង្គោលជាច្រើនរបស់ក្រសួងការងារកម្ពុជា ហើយភាគីម៉ាឡេស៊ី បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែទូលំទូលាយថែមទៀត។

លោកអគ្គរាជទូត Dato' Sri Hasan Malek ក៏បានជម្រាបជូនផងដែរ ពីគម្រោងដែលក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ី គ្រោងនឹងបើកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសលើ  វិស័យអាកាសចរណ៍ ជាពិសេសផ្នែកវិស្វករយន្តហោះ ផែ្នកជួសជុលយន្តហោះ ផ្នែកថែទាំយន្តហោះ និងជំនាញបើកបរយន្តហោះផងដែរ។

សូមជម្រាបថា ពលករកម្ពុជាដែលទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី មានចំនួនសរុប ៤៦,៥៤០នាក់ (ស្រី៤០,០៨៣នាក់) ក្នុងនោះកម្មករការងារផ្ទះ មានចំនួន ៣៣,៧០៧នាក់ ជាស្តី្រទំាងអស់។ ហើយបច្ចុប្បន្ន ក៏មានក្រុមហ៊ុនចំនួន ៣៩ ដែលធ្វើការបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ផងដែរ៕