(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួននាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញម្នាក់ យីហោ «សុវណ្ណគន្ធា» បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកយកប្រាក់ ជាង៤ម៉ឺនដុល្លារ និងទំនិញ២កុងតឺន័រពីជនរងគ្រោះ។

មន្រ្តីតុលាការបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆែប សុវណ្ណ អាយុ៣១ឆ្នាំ ជានាយកក្រុមហ៊ុនដឹកទំនិញនាំចូលពីបរទេសយីហោ «សុវណ្ណគន្ធា»។ មន្រ្តីតុលាការបានបន្តថា ក្រោយការសាកសួរ ជនសង្ស័យពេញមួយព្រឹក លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក ឆែប សុវណ្ណ ពីបទរំលោភលើសេចក្ដីទុកចិត្ត តាមមាត្រា៣៩១, មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនសំណុំរឿង និងជនត្រូវចោទឱ្យចៅក្រមចាត់ការតាមច្បាប់។

មន្ត្រីតុលាការបានបន្ថែមថា កន្លងមកលោក ឆែប សុវណ្ណ ដែលជានាយកក្រុមហ៊ុន«សុវណ្ណគន្ធា» នោះ បានទទួលរត់ការឯកសារ clear ទំនិញនាំចូលពីបរទេសចំនួន២កុងតឺន័រ នៅផែស្ងួតតេងឡាយ ក្នុងតម្លៃកម្រៃជើងសារ៤១,៤៥០ដុល្លារ។ ក្រោយពីយកទំនិញចេញបានពីផែស្ងួតតេងឡាយហើយ លោក ឆែប សុវណ្ណ មិនបានផ្ដល់ព័ត៌មានឱ្យម្ចាស់ទំនិញ មកទទួលយកទំនិញទាំង២កុងតឺន័រនោះទេ បែរជាយកទំនិញទាំងនោះ លក់ឱ្យក្រុមហ៊ុនផ្សេងទៀតបាត់អស់ទៅ។ 

ដោយសារតែបោកយកប្រាក់ ៤១,៤៥០ដុល្លារ និងទំនិញ២កុងតឺន័រខាងលើហើយ ទើបម្ចាស់ទំនិញប្ដឹងឱ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួនលោក ឆែប សុវណ្ណ តែម្ដង។
ជាសក្ខីកម្ម លោក ឆែប សុវណ្ណ បានឆ្លើយសារភាពថាពិតជា ខ្លួនពិតជាបានទទួលយកប្រាក់ រួមទាំងទំនិញ២កុងតឺន័រពីជនរងគ្រោះមែន តែឥឡូវនេះគាត់អត់មានប្រាក់សងវិញទេ ទុកឱ្យតុលាការសម្រេចតាមច្បាប់ចុះ៕