(ភ្នំពេញ)៖ យុវជនកម្ពុជា៦រូប មកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានទៅចូលរួមកម្មវិធីផ្លាស់ប្តូរ សិស្សអនុវិទ្យាល័យតំបន់អាស៊ាន (NIYE Junior Program) ជាមួយប្រទេសជប៉ុន រយៈពេល១០ថ្ងៃដោយផ្តើមពីថ្ងៃទី១០ ខែតុលាឆ្នាំ២០១៦។

កម្មវិធីផ្លាស់ប្តូរនេះ ផ្តួចផ្តើមគំនិត និងឧបតម្ថម្ភដោយវិទ្យាស្ថានជាតិអប់រំយុវជននៃប្រទេសជប៉ុន ដែលនឹងទទួលខុសត្រូវរាល់ការចំណាយនានា តាំងពីសំបុត្រយន្តហោះ ការហូបចុក ស្នាក់នៅជាដើម។

លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគម អតីតនិស្សិតពីប្រទេសជប៉ុន (JAC) និងជាអ្នកសម្របសម្រួលកម្មវិធីនៅកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា កម្មវិធីផ្លាស់ប្តូរសិស្សអនុវិទ្យាល័យ តំបន់អាស៊ានជាមួយជប៉ុននេះ មានគោលបំណងភ្ជាប់ទំនាក់ទំនង ពង្រឹងពង្រីកការយោគយល់ គ្នារវាងយុវជនអាស៊ាន និងជប៉ុន ការផ្លាស់ប្តូរវប្បធម៌ ការរស់នៅ និងការចែករំលែកចំណេះដឹង បទពិសោធន៍ ទាក់ទងនឹងការសិក្សាអប់រំបរិស្ថាន ជាដើម។

លោក មុនីរ័ត្ន បានឱ្យដឹងថា យុវសិស្សកម្ពុជា នឹងទៅតំបន់កោះស៊ីកូគឹ ខេត្តខូជី ដែលនៅទីនោះយុវជនអាស៊ាននិងជប៉ុន នឹងរៀនរស់នៅជាមួយបរិស្ថាន ធម្មជាតិ ព្រៃភ្នំ ជាមួយគ្នា និងមានកម្មវិធីស្នាក់នៅជាមួយគ្រួសារជប៉ុន (Homestay)។ បន្ទាប់មក ទើបត្រឡប់មកទីក្រុងតូក្យូ ហើយសម្រាប់កម្មវិធីផ្លាស់ប្តូរនេះ យុវជនកម្ពុជាក៏នឹងធ្វើបទបង្ហាញអំពីបរិស្ថាន និងប្រធានបទមួយចំនួនទៀត ដល់ក្រុមយុវជនប្រទេសដទៃទៀត ព្រមទាំងមានការសម្តែងរបាំ ចែករំលែកវប្បធម៌ផងដែរ។

ប្រធានសមាគមអតីត និស្សិតពីប្រទេសជប៉ុនរូបនេះ បានបញ្ជាក់ថា នៅពេលយុវជនកម្ពុជាត្រឡប់មកវិញ ពួកគាត់នឹងចែករំលែកបទពិសោធន៍ បន្តនូវអ្វីដែលបានដឹង បានទទួល និងបានឃើញនៅទីនោះ។

ទាក់ទងនឹងការជ្រើសរើសយុវជន ទៅចូលរួមកម្មវិធីផ្លាស់ប្តូរនេះ លោក វុទ្ធី មុនីរ័ត្ន បានឱ្យដឹងថាយុវជនត្រូវមានចំណេះដឹង អំពីប្រទេសជប៉ុន អាចនិយាយភាសាអង់គ្លេសបាន និងក្លាហា ហើយក្នុងមួយឆ្នាំត្រូវជ្រើសរើសសិស្សវិទ្យាល័យពីអាយុ១៣ ដល់១៥ឆ្នាំ ចំនួន៦នាក់ ហើយនេះជាការផ្លាស់ប្តូរលើកទី៥ហើយ៕