(ស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ និងដកហូតបានរួមជាមួយថ្នាំញៀនជិត២០០ក្រាម គ្រាដែលជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរ នៅតំបន់ដាច់ស្រយាលមួយ ជាប់ព្រំដែនប្រទេសឡាវ។

ប្រតិបត្តិការនេះ បានប្រព្រឹត្តទៅនៅម៉ោង៩ព្រឹក ថ្ងៃ១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចដុងក្រឡចាស់ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមបញ្ជាផ្ទាល់ពី​ស្នងការនគរ​បាលខេត្តលោកឧត្តមសេនីយ៍ត្រី សម តារា។ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននេះមានឈ្មោះ ឡុត ផន អាយុ៤០ឆ្នាំ មានប្រពន្ធឈ្មោះ វ៉ាន់ ថា អាយុ៣៨ឆ្នាំ ជនជាតិឡាវ រស់នៅភូមិថាខ ក្រុមទី៦ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ចំណែក ថ្នាំញៀនដែលដកហូតបាននោះ ជាប្រភេទមេតំហ្វេតាមីន Ice ម៉ាទឹកកក មានទម្ងន់១៩៤ក្រាម និង២មីលីក្រាម។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះស៊ើបអង្កេតលើករណីជួញដូរនេះ អស់ពេលជាច្រើនថ្ងៃ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន។  ជនសង្ស័យរួមជាមួយវត្ថុតាងថ្នាំញៀន នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង នៅក្រោយពីបានបញ្ចប់ នូវការសាកសួរនោះរួច៕