(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត និងលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលហ្សេឡង់ បានជួបសំណេះសំណាលការងារជាមួយ លោក David Ridgway និងលោក Terry Stephens សមាជិកសភារដ្ឋអូស្ត្រាលីភាគខាងត្បូង នៅវិមានរដ្ឋសភាទីក្រុងអាឌឺឡែត រដ្ឋអូស្ត្រាលីភាគខាងត្បូង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងជំនួបជាមួយកូនប្រុសនាយករដ្ឋមន្រ្តីកម្ពុជានោះ សមាជិកសភារដ្ឋអូស្ត្រាលីភាគខាងត្បូង បានជម្រាបជូនលោក ហ៊ុន ម៉ាណែត និងក្រុមការងារឲ្យដឹងថា ពួកគេកំពុងស្វែងរកឱកាសវិនិយោគពីអូស្ត្រាលីមកកម្ពុជា។ បន្ថែមពីលើនេះ សមាជិកសភាអូស្ត្រាលីភាគខាងត្បូង ទាំង២រូប ក៏ចង់សិក្សា និងការងារសម្រាប់និស្សិត ពលករខ្មែរនៅប្រទេសអូស្ត្រាលី ដែលនេះផ្ទុយពីអ្វីដែលមេដឹកនាំគណបក្សប្រឆាំងតែងតែ អំពាវនាវឲ្យបរទេសផ្តាច់ជំនួយពីកម្ពុជា បង្អាក់ អ្នកវិនយោគបរទេស ដែលចង់មកបណ្តាក់ទុននៅកម្ពុជា រួមទាំងការដើរនិយាយអាក្រក់ពីប្រទេស ជាតិខ្លួនឯងនៅខាងក្រៅផងដែរ ដើម្បីកេងចំណេញនយោបាយទៀតផង ។

ក្នុងជំនួបនោះសមាជិកសភាទាំង២រូប ចង់បង្កើនកិច្ចសហប្រតិបត្តិការវិស័យអាកាសចរណ៍ ដែលអាចហោះហើរផ្ទាល់ពីទីក្រុងអាដឺឡែត មកទីក្រុងភ្នំពេញ ឬទីខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលនឹងជួយបង្កើនទេសចរ និងអ្នកវិនិយោគរបស់ អូស្ត្រាលីមកកាន់ប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនោះដែរសមាជិកសភានៅបាន ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធជួបគ្នាដើម្បីពង្រឹងវិស័យទេសចរណ៍ សិក្សាធិការនិងវប្បធម៌ ពាណិជ្ជកម្ម ។ ចំណែក អ្នកជំនួញធំម្នាក់នៅអាដឺឡេត លោក Rendal Tommic កំពុងសិក្សាពីលទ្ធភាពនៃស្រាដែលលោកផលិតខ្លួនឯងទៅលក់នៅប្រទេសកម្ពុជាទៀតផង គ្រាដែលលោកឃើញឱកាសវិនិយោគល្អ សម្រាប់ អ្នកជំនួញអូស្ត្រាលី នៅកម្ពុជា ។

ក្រៅពីការលើកឡើងខាងលើ នៅក្នុងជំនួបនោះ ភាគីទាំង២ ក៏បានពិភាក្សាពាក់ព័ន្ធវិស័យអប់រំផងដែរ គឺប្រទេសអូស្ត្រាលី ក្រៅពីការផ្តល់អាហារូបករណ៍ឲ្យសិស្សកម្ពុជាចន្លោះ ពី៥០ទៅ ៥៥អាហារូបករណ៍ គឺនិស្សិតកម្ពុជាអាចស្រាវជ្រាវផ្ទាល់ កម្មវិធីអាហារូបករណ៍បន្ថែមទៀត តាមកម្មវិធីសកលវិទ្យាល័យមួយៗដែលគេផ្តល់ឲ្យតែម្តង។ ក្នុងនោះដែរ អូស្ត្រាលី បានបញ្ជូនអ្នកស្ម័គ្រចិត្តខ្លួនទៅកម្ពុជាដើម្បីជួយកិច្ចការសង្គមដូចជាអប់រំ សុខាភិបាល ដែលហៅ ថា ក្រុម Volunteer។

មិនត្រឹមតែប៉ុណ្ណោះកិច្ចពិភាក្សា​ ក៏បានលើកឡើងពីការចាប់អារម្មណ៍ចង់បន្តទិដ្ឋការ ជូនប្រជាពលរដ្ឋអូស្ត្រាលី ដើម្បីស្នាក់នៅកម្ពុជា ពី៦ខែទៅ១ឆ្នាំ ដោយសារតែឃើញកម្ពុជាមានស្ថិរភាពនយោបាយ សេដ្ឋកិច្ចរីកចម្រើន ហើយប្រជាពលរដ្ឋខ្មែររួសរាយរាក់ទាក់ ចំណែកការកំណត់តម្លៃសេវាទូទៅរវាងជនប្រទេស និងប្រជាជនកម្ពុជា គឺតែមួយ និងមានកន្លែងទេសរណ៍ល្អជាច្រើនដែលប្រទេសជិតខាងដទៃមិនមាន ។
សូមជម្រាបថា កាលពីថ្ងៃទី១០ខែតុលា លោក ហ៊ុន ម៉ាណែត និង លោក កុយ គួង ឯកអគ្គរាជទូតខ្មែរ ព្រមទាំង គណៈប្រតិភូមួយចំនួនទៀត បានជួបជាមួយសមាជិកសភាចំនួន ៥រូប នៃរដ្ឋញ៉ូវសោតវ៉ែល (ទីក្រុងស៊ីដនី) បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារផងដែរ។

សមាជិកសភាទាំង៥នាក់រួមមាន លោកស្រី Amanda Fazia, លោក Nick Lalich, លោក Guy Zabgari, លោក Emest Wong និងលោក Shaoquett Moselmane។ ក្នុងជំនួបពិភាគ្សា គឺភាគីទាំង២បានលើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យ កិច្ចសហប្រតិបត្តិការ សង្គមកិច្ច ទេសចរណ៍ អប់រំ សុខាភិបាល និងពាណិជ្ជកម្ម ខិតខំធ្វើយ៉ាងណាជំរុញ ពាណិ្ជកម្មប្រទេសទាំង២ ឲ្យកាន់តែប្រសើរឡើង។

សូមជម្រាបថា លោក ហ៊ុន ម៉ាណែត និងក្រុមការងារយុវជន នឹងបំពេញទស្សនកិច្ច នៅក្រៅប្រទេសរយៈពេល១៣ថ្ងៃ។ ដំណើរទស្សនកិច្ចនៅអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ នាពេលនេះ គឺបន្ទាប់ពីដំណើរ ចុង ក្រោយ ដែលបានធ្វើនៅ សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីការសាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រនៅក្រៅប្រទេស តាមការអញ្ជើញរបស់ប្រជាពលរដ្ឋខ្មែរ ដែលនៅក្រៅស្រុកទាំងនោះ។ ដំណើរទស្សនកិច្ចនៅអូស្ត្រាលី នឹងបញ្ចប់នៅថ្ងៃទី១៤តុលា និងបន្តទៅកាន់ប្រទេសនូវ៉ែលហ្សេឡង់ថែមទៀត៕