(កំពង់ធំ)៖ តំណាងកម្ពុជាមានលោក សុខ លូ អភិបាលរងខេត្តកំពង់ធំ និងលោកស្រី ហ្វីញ ធីហាំង អភិបាលរងខេត្តប៊ិញភឿក ប្រទេសវៀតណាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានជួបប្រជុំគ្នា ដើម្បីរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង «បន្តជីករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ដំណាដាក់កាលទី១៦ ឆ្នាំ២០១៦-២០១៧» នៅទីបញ្ជាការដ្ឋាន សឹករងខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ បានធ្វើរបាយការណ៍ពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពី កិច្ចប្រតិបត្តិការស្វែងជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីកម្ពុជា ក្នុងទស្សវត្សឆ្នាំ១៩៧០-១៩៨០ នាសម័យសង្គ្រាម កន្លងមក ដើម្បីនាំយកទៅប្រទេសវៀតណាមវិញ។

សូមបញ្ជាក់ថា គណៈកម្មការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម មានកិច្ចសហការរវាង គណៈកម្មការជំនាញខេត្តកំពង់ធំ និងគណៈកម្មការជំនាញយោធភូមិភាគទី៧ មានក្រុម K៧០ និងជំនាញគណៈកម្មការជំនាញខេត្តប៊ិញភឿក មានក្រុម K៧២។ ចាប់តាំងពី ឆ្នាំ២០០៣ រហូតមកដល់ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារបានរកឃើញអដ្ឋិធាតុបានចំនួន១០២៧អដ្ឋិធាតុ ប៉ុន្តែការស្វែងរកនេះធ្វើឲ្យជួប បញ្ហាខ្លះ ដោយសារកន្លែងកប់អដ្ឋិធាតុខ្លះ មានរយៈពេលយូរ ភូមិសាស្ត្រប្រែប្រួល អ្នកដឹងព័ត៌មានពីកន្លែងកប់អដ្ឋិធាតុ មកដល់ពេលនេះ ពួកគាត់មានវ័យចាស់ ខ្លះជរា ខ្លះបាត់បង់ជីវិត ខ្លះទៀតប្តូរលំនៅដ្ឋាន និងប្រជាពលរដ្ឋកន្លែងខ្លះមិនទាន់សហការ បានល្អក្នុងការ ផ្តល់ព័ត៌មាន។

ជាមួយគ្នានេះ លោកស្រី ហ្វីញ ធីហាំង បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ធំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្ត ទុកដាក់ទទួលស្វាគមន៍ ចំពោះគណៈកម្មការខេត្តប៊ិញភឿក ប្រទេសវៀតណាម ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា និងមានកិច្ចសហការល្អ ក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយគ្នា។

លោក សុខ លូ បានស្នើឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ ជួយសហការណ៍បន្ត និងផ្សព្វផ្សាយឲ្យដល់ប្រជាពលរដ្ឋ ឲ្យគាត់បានយល់ពីការ ស្វែងរកអដ្ឋិធាតុ ដោយផ្តល់ព័ត៌មានទីតាំងកប់សព។

ក្នុងឱកាសនោះដែរ តំណាងខេត្តទាំងពីរ ក៏បានចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការជីករុករកអដ្ឋិធាតុ បន្តទៀត សម្រាប់ឆ្នាំ ២០១៦-២០១៧ និងជូននូវវត្ថុអនុស្សាវរីយ៍ ជូនទៅវិញទៅមកផងដែរ៕