(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេសជាង ២៥០ក្រុមហ៊ុន នឹងរួមគ្នាពិព័រណ៍បង្ហាញលើវិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងភោជនីដ្ឋាន ហៅថា  Camfood/Camhotel លំដាប់អន្តរជាតិ មានយីហោម៉ាកល្បីៗមកពី ២៣ប្រទេសផ្សេងគ្នា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦សប្តាហ៍ក្រោយនេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

ពិព័រណ៍នេះ នឹងបង្ហាញពីវត្តមានផលិតផល ឧបករណ៍ បច្ចេកវិទ្យា និងគំនិតថ្មីៗចុងក្រោយដើម្បីផ្គត់ផ្គង់ទៅកាន់វិស័យធនាគារ និងភោជ នីដ្ឋានជាច្រើនដូចជា សាច់ គ្រឿងផ្សំ ផ្លៃឈើ ស្រា ស្រាបៀរ ការហ្វេរ ការ៉េម សម្ភារៈផ្ទះបាយ សម្ភារៈផ្គត់ផ្គង់ផ្នែកម្ហូបអាហារ និងភេសជ្ជៈ ម៉ាស៊ីនដុតនំ ម៉ាស៊ីនឆុងការហ្វេរ ប្រពន្ធ័គ្រប់គ្រង និង ផលិតផលជាច្រើនទៀត។

ពិព័រណ៍ នឹងមានការប្រកួតប្រជែងគ្នាររវាងក្រុមហ៊ុនជាច្រើន ដែលបានរៀបចំដោយសហព័ន្ធទេសចរណ៍កម្ពុជា ដែលមានអ្នកប្រកួតប្រជែង ជាច្រើននាក់ ទៅលើផ្នែកដែលមានក្នុងវិស័យបដិសណ្ឋារកិច្ច ជារៀងរាល់ថ្ងៃ នៃពិព័រណ៍ដែលរួមមានការប្រកួតប្រជែងផ្នែកក្រឡុកស្រា ការប្រកួតលើជំនាញចម្អិនអាហារ ជើងឯងឆុងការហ្វេ ផ្នែកក្រឡុកស្រា ផ្នែករៀបចំគ្រែ ផ្នែករៀបចំតុ ផ្នែកបំរើ សេវាកម្ម និង ផ្នែកចាក់ស្រា និង ផ្នែករៀបចំផ្កាជាដើម។

ក្នុងសន្និសីទកាសែតដែលប្រព្រឹត្តិទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានឲ្យដឹងថា គោលបំណង នៃការតាំងពិព័រណ៍ Camfood/Camhotel  ត្រូវបានរៀបចំឡើង ដើម្បីជាប្រភពសំខាន់មួយជួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ ដែលកំពុងស្វែងរកនូវដំណោះស្រាយ ចុងក្រោយបង្អស់។លើសពីនេះវាក៏ជាឱកាសពិសេសសម្រាប់ក្រុមហ៊ុនអ្នកចែកចាយចំណីអាហារ និងភេសជ្ជៈ ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មី ៗ ព្រមទាំងបង្កើតដៃគូរវិនិយោគជាមួយក្រុមហ៊ុនផលិតកម្ម ដែលកំពុងស្វែងរកភ្នាក់ងារចាយបន្ត ក្នុងប្រទេសកម្ពុជាដូចគ្នា។

លោក លូ ម៉េង បន្តថា តាមរយៈការនែនាំខ្លួនផលិតផល ឧបករណ៍ផ្គត់ផ្គង់ចុងក្រោយ និងការផ្សព្វផ្សាយជំនាញចម្អិនអាហារ ឯកទេសលើម្ហូបអាហារ និងភេសជ្ជៈ គឺត្រូវបានកើតចេញពីការប្រកួតប្រជែងដ៏ច្រើននៅក្នុងព្រឹត្តិការណ៍ខាងមុខនេះ។

សូមបញ្ជាក់ថា សម្រាប់ការតាំងពិព័រណ៍វិស័យម្ហូបអាហារភេសជ្ជៈ សម្ភារៈផ្គត់ផ្គង់ សណ្ឋាគារ និងភោជនីយដ្ឋានលំដាប់អន្តរជាតិ និង បើកដាក់តាំងបង្ហាញជាផ្លូវការ ដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕