(ពោធិ៍សាត់)៖ លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូអញ្ជើញសួរសុខទុក្ខព្រះតេជគុណ នុត ល័ក្ខ ចៅអធិការវត្តកញ្ជរ ក្នុងព្រះជន្មាយុ៧៤ព្រះវស្សា ដែលកំពុងមានអាពាធ (ជំងឺ) ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

ការចុះសួរសុខទុក្ខនេះ ក៏បានបន្តចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ឈ លាងសេង (ហៅនួនសេង) ក្នុងជន្មាយុ៦៣ឆ្នាំ ជាម្ចាស់សណ្ឋាគារភ្នំពេជ្រ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិពាលញែ១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ (សណ្ឋាគារភ្នំពេជ្រ)។

ថ្លែងក្នុងឱកាសចូលសួរសុខទុក្ខព្រះតេជគុណ ចៅអធិការវត្តកញ្ជរ លោក ខូយ សុខា និងលោក ម៉ៅ ធនិន បានជម្រុញឲ្យក្រុមគ្រូពេទ្យជំនាញ ត្រូវពិនិត្យព្យាបាល និងតាមដានស្ថានភាពជំងឺរបស់ព្រះតេជគុណ យ៉ាងយកចិត្តទុកដាក់ ចំពោះអាក្ការៈរបស់ព្រះអង្គ បើមានភាពមិនប្រក្រតី ហើយអស់សមត្ថភាពព្យាបាលហើយនោះ ត្រូវរៀបចំរថយន្តសង្គ្រោះបន្ទាន់ទៅរាជធានីភ្នំពេញ និងប្រគេនបច្ច័យទុកសម្រាប់ព្យាបាលព្រះរោគ។

ដោយឡែក ក្នុងការចូលគោរពវិញ្ញាណក្ខន្ធ សពឧបាសក ឈ លាងសេង លោក ខូយ សុខា និងលោក ម៉ៅ ធនិន ព្រមទាំងប្រតិភូអមដំណើរទាំងអស់ បានសម្តែងនូវការរំលែកទុក្ខ សោកស្តាយក្រៃលែង ចំពោះការបាត់បង់ស្វាមី បងប្រុស លោកឳពុក និងជីតាមួយរូប ជាទីគោរពស្រលាញ់ និងបានចូលរួមថវិកា ក្នុងពិធីបុណ្យសពនោះផងដែរ៕