(សៀមរាប)៖ បន្ទាប់ពីការបំពេញទស្សនកិច្ច និងពិភាក្សាជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំស្ថាប័នគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌ ពិភពលោក គឺរមណីយដ្ឋានអង្គររបស់កម្ពុជា និងរមណីយដ្ឋានហ័ងសានរបស់ចិន បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយគ្នា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ ពិធីចុះ MoU ត្រូវបានធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សា គ្រប់គ្រង ក៏ដូចជាទាក់ទាញភ្ញៀវទេសចរទស្សនាកម្សាន្តនៅរមណីយដ្ឋានទាំងពីរ។

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងលោក Ye Zheng Jun អនុប្រធានលេខាធិការ នៃគណៈកម្មាធិការគ្រប់គ្រងរមណីយដ្ឋានទេសភាពហ័ងសាន ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Kong Xiaohong អភិបាលក្រុងហ័ងសាន និងមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនទៀតនៃអាជ្ញាធរជាតិអប្សរា និង រមណីយដ្ឋានហ័ងសាន។

លោក Kong Xiaohong បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលទំនាក់ទំនងនៃរមណីយដ្ឋានពិភពលោកទាំងពីរ បានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នា។

លោកបញ្ជាក់ថា «យើងដឹងថា អង្គរ គឺជានិមិត្តរូប នៃប្រទេសកម្ពុជា អង្គរគឺជាតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យ។ ប្រជាជនចិនជាច្រើនក៏បានសិក្សា និងកោតសរសើរចំពោះស្នាដៃ ដ៏អច្ឆរិយៈនេះដែរ។  ប្រទេសកម្ពុជា និង ចិនធ្លាប់មានទំនាក់ទំនងគ្នាយ៉ាងល្អតាំងពីបុរាណកាលមក យើងសង្ឃឹមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ នឹងធ្វើឲ្យរមណីយដ្ឋាន ពិភពលោកទាំងពីរកាន់តែខិតជិតរកគ្នា ជាពិសេសនឹងធ្វើឲ្យសម្ព័ន្ធភាពកម្ពុជា និងចិនកាន់តែរឹងមាំថែមទៀត»

លោកបណ្ឌិត ស៊ុ ម៉ាប់ បញ្ជាក់ថា គោលបំណងចម្បងនៃការចុះអនុស្សរណៈនៅថ្ងៃនេះ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងរមណីយដ្ឋានពិភពលោកទាំងពីរ ក្នុងក្របខណ្ឌអភិរក្ស គ្រប់គ្រង ស្រាវជ្រាវ បណ្តុះបណ្តាល ការអភិវឌ្ឍទេសចរណ៍ដោយចីរភាព និងការគ្រប់គ្រងបរិស្ថាន។

បើតាមលោក ស៊ុ ម៉ាប់ ការចុះអនុស្សារណៈយោគយល់គ្នានេះ ក៏ដើម្បីជំរុញការផ្សព្វផ្សាយពីរូបភាពនៃរមណីយដ្ឋាន ទាក់ទាញភ្ញៀវទេសចរ បណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្លាស់ប្តូរ បទពិសោធន៍ ពីគ្នាទៅវិញទៅមក ផ្តល់ជំនួយបច្ចេកទេសពាក់ព័ន្ធការអភិវឌ្ឍ ការអភិរក្ស បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ក៏ដូចជាជំរុញការផ្សព្វផ្សាយទេសចរណ៍ រវាងរមណីយដ្ឋានទាំងពីរ។

គួររំឭកថា កាលពីថ្ងៃទី១៤ ដល់ ១៨ ខែសីហា ឆ្នាំ២០១៥ ក្រុមប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក សុខ សង្វារ អគ្គនាយករងក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់រមណីដ្ឋានហ័ងសាន បានធ្វើកំណត់ហេតុ នៃកិច្ចពិភាក្សាស្តីពីការចងសម្ព័ន្ធភាព និ ងកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិរក្ស អភិវឌ្ឍន៍ និងគ្រប់គ្រងរមណីយដ្ឋាន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងពីរ។

ក្រោយមកទៀត នៅថ្ងៃទី១៤ និង១៥ ខែធ្នូ ឆ្នាំ២០១៥ គណៈប្រតិភូរមណីយដ្ឋានហ័ងសាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Chen Lei អនុប្រធាននាយកដ្ឋានទេសចរណ៍ នៃខេត្តអានហួយ ក៏បានមកបំពេញទស្សនកិច្ចផ្លូវការក្នុងតំបន់រមណីយដ្ឋានអង្គរវិញដែរ។ តាមរយៈទំនាក់ទំនងនេះហើយ ដែលជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ រហូតឈានដល់ការ ចុះអនុស្សរណៈយោគយល់គ្នានៅពេលនេះ៕