(បាងកក)៖ ក្រុមហ៊ុន Samsung នៅក្នុងប្រទេសថៃ បានផ្តល់ឱកាសពិសេស ដោយបានធ្វើការ បញ្ចុះតម្លៃចំនួន ១០,០០០បាត រួមជាមួយនឹងការថែមកាសស្តាប់ត្រចៀក ដែលមានតម្លៃ ២,៩៩០បាត ចំនួនមួយទៀត សម្រាប់អ្នកគាំទ្រផលិតផល Samsung ទាំងអស់ដែលបានកក់ ទូរស័ព្ទដៃ Galaxy Note 7 ប្រសិនបើប្តូរមកទិញ ទូរស័ព្ទម៉ូលដែលផ្សេងៗវិញ ដូចជា Galaxy S7 ឬក៏ Galaxy Note 5 ជាដើម។ នេះបើតាមគេហទំព័រថៃ Nation Multimedia ដែលចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសារព័ត៌មានមួយ ក្រុមហ៊ុន Samsung Electronics ដែលមានទីតាំងនៅក្នុងប្រទេសថៃ បានប្រកាសជាផ្លូវការ អំពីការលុបចោលនូវ ការកក់ម៉ូដែលទូរស័ព្ទដែលល្បីផ្តាច់មុខរបស់ខ្លួន គឺស្មាតហ្វូន Galaxy Note 7 នៅថ្ងៃពុធនេះ បន្ទាប់ពី Samsung បានប្រកាសនៅទូទាំងសកលលោកថា នឹងផ្អាកការលក់និងការផលិតទូរស័ព្ទ Galaxy Note 7 នេះ។

សាខាក្រុមហ៊ុន Samsung ក្នុងប្រទេសថៃ បានឲ្យដឹងថា អតិថិជនណាដែលបានបញ្ជាទិញទូរស័ព្ទដៃ Galaxy Note 7 នឹងទទួលបានការបញ្ចុះតម្លៃជាទឹកប្រាក់ចំនួន ១០,000បាត សម្រាប់ការប្តូរមកទិញ Galaxy S7, Galaxy S7 Edge, ឬក៏ Galaxy Note 5 ជំនួសវិញ ហើយលើសពីនេះទៅទៀត អតិថិជនក៏នឹងទទួលបានកាសស្តាប់ត្រចៀក Samsung Level Active ដែលមានតម្លៃ ២,៩៩០បាត ជាកាដូអនុស្សាវរីយ៍ថែមទៀតផង។  

គួរបញ្ជាក់ដែរថា អ្នកដែលលុបចោលការកក់ ហើយមិនបានប្តូរមកទិញទូរស័ព្ទណាមួយ ក្នុងចំណោមម៉ូដែលទាំងបីខាងលើទេនោះ ក៏នឹងទទួលបានប័ណ្ណដែលមានទឹកប្រាក់ចំនួន២,០០០បាត ផងដែរ ចំណែកឯអតិថិជនណា ដែលចង់ទាមទារសំណងជាទឹកប្រាក់របស់ពួកគេវិញក៏បានដែរ៕