(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ​បានសម្តែងក្តីអំណរដោយទទួលព័ត៌មាន ពីគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត អំពីទិន្នន័យជនដែល​មានពិការ​ភាព ដែលមានចំនួន ៥,៩៧៨នាក់ ដែលបានទៅចុះឈ្មោះបោះឆ្នោត  ប៉ុន្តែបើទោះបីយ៉ាងនេះក្តី លោកអគ្គលេខាធិការ បានបង្ហាញថាតួលេខនេះនៅមានកម្រិតទាបនៅឡើយ បើធៀបទៅ​នឹងទិន្នន័យជនមានពិការភាព មានប្រមាណជាង៥០ម៉ឺននាក់ នាពេលបច្ចុប្បន្ននេះ។  

នៅក្នុងជំនួបជាមួយលោកស្រី តែ ម៉ានីរ៉ុង សមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អគ្គ​លេខា​ធិការ​ក្រុមប្រឹក្សាសកម្មភាព​ជនពិការ លោក ឯម ច័ន្ទមករា បានស្នើដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិនិត្យលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការរៀបចំជម្រាល​សម្រាប់​ជនមាន​ពិការភាព អាចប្រើប្រាស់បាននៅពេលទៅចុះឈ្មោះបោះឆ្នោត ពេលទៅបោះឆ្នោត និងរៀបចំឲ្យមានសម្ភារៈសម្រាប់ជនពិការអាចបោះឆ្នោតបានដោយគ្មានឧបសគ្គរារាំង។

លោក ឯម ច័ន្ទមករា បានជម្រាបជូនទៅ លោកស្រីសមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថា ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ បានលើកទឹកចិត្តដល់ ជនពិការគ្រប់រូប មានសិទ្ធិចូលរួមក្នុងការបោះឆ្នោត ឬឈរឈ្មោះជាបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង ការប្រមាថ ការរើសអើង ចំពោះជនពិការពិការ​ភាពរបស់​បេក្ខជន​ត្រូវហាមឃាត់ ក្នុងន័យនេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនិងការផ្សព្វផ្សាយអំពីការទៅបោះឆ្នោត ដោយគួររៀបចំឲ្យមានការផ្សព្វផ្សាយយ៉ាងណា ឲ្យជនមានពិការភាពអាចយល់ដឹងបានទូលំទូលាយ។ ឧទាហរណ៍ ការផលិតវីដេអូស្ពត គួរមានការបកប្រែភាសាសញ្ញាឬយ៉ាងហោចណាស់ គួរមានរត់ខ្លឹមសារជាអក្សរក្នុងវីដេអូនោះ ដើម្បីជនមានពិការអាចទទួលព័ត៌មាន។

ជាការឆ្លើយតប លោកស្រី តែ ម៉ានីរ៉ុង សមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្យាយាមរៀបចំឲ្យមានជម្រាល​សម្រាប់ជនពិការ​តាមលទ្ធភាព​ដែលអាចធ្វើទៅបានព្រោះការិយាល័យបោះឆ្នោតទូទាំងប្រទេសមានរហូតដល់ទៅជាង២ម៉ឺនការិយាល័យ។ សមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកស្រី តែ ម៉ានីរ៉ុង បានទទួលសំណើអំពី ការរៀបចំឲ្យមានការបកប្រែភាសាសញ្ញា នៅគ្រប់វីដេអូផ្សព្វផ្សាយអំពីការបោះឆ្នោត។

ថ្លែងក្នុងជំនួបនោះ លោក សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានការលំបាកក្នុងការកំណត់ប្រភេទ​និង​កម្រិតពិការភាព ពីព្រោះអាចប៉ះពាល់ទៅដល់សិទ្ធិផ្តល់ព័ត៌មានអំពីប្រភេទពិការ ដោយបុគ្គលដែលបានទៅចុះឈ្មោះបោះឆ្នោត។ លោកអគ្គលេខាធិការរង បានបញ្ជាក់ថា មានជនពិការមិនចង់​បង្ហាញ​អត្តសញ្ញាណថាខ្លួនមានពិការភាពនោះទេ ដោយលោកបានផ្តល់យោបល់អំពីករណីនេះ គួរលើកសំណើនេះទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលជនមានពិការ ភាពទៅ​ក្នុងអត្តសញ្ញាណប័ណ្ណតែម្តង។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តល់ការសម្របសម្រួលតាមសំណើរបស់ជនពិការ សម្រាប់អ្នកជួយលើកដាក់ជនពិការចូលក្នុងការិយាល័យបោះឆ្នោត និងសម្រួលដល់ជន​ពិការដៃដែលមិនអាចផ្តិត ម្រាមដៃក៏អាចចុះឈ្មោះបោះឆ្នោតបានដែរ៕