(ភ្នំពេញ)៖ នៅថ្ងៃស្អែកប្រធានាធិបតីមហាអំណាចចិន ស៊ី ជិនពីង នឹងមកដល់ទឹកដីកម្ពុជានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ បំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦។ នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។ នេះគឺជាគម្រោងទស្សនកិច្ចជាផ្លូវរដ្ឋលើកដំបូងសម្រាប់ លោក ស៊ី ជិនពីង ក្នុងនាមលោកជាប្រធានាធិបតីចិន។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រធានាធិបតីរូបនោះ នឹងអញ្ជើញចូលគាល់សម្តេចម៉ែ និង​ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងបន្តជួបពិភាក្សាការងារសំខាន់ៗជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវិមានសន្តិភាព នៅពេលល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ខាងក្រោមនេះជាប្រវត្តិខ្លះៗ ស្វែងយល់បន្ថែមពីប្រធានាធិបតីដ៏មានឥទ្ធិពលរូបនេះ៖
លោក Xi Jinping បច្ចុប្បន្នជាអគ្គលេខាធិការបក្ស​កុម្មុយនីស្ត និងជាប្រធានាធិបតី​របស់សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងជាប្រធាន​​នៃគណៈកម្មាធិការយោធាមជ្ឈឹមរបស់​ប្រទេស ចិនផងដែរ។ ក្នុង​នាមជាប្រធានាធិបតី​ លោកធ្លាប់ទទួលបានងារក្រៅផ្លូវការមួយថាជា​ «មេដឹកនាំដ៏ខ្ពង់ខ្ពស់» ម្នាក់។

លោក Xi កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣ នៅទីក្រុង ប៉េកាំង។ លោកជាកូនទីពីរក្នុងគ្រួសារ ដោយឪពុករបស់លោកមានឈ្មោះថា Xi Zhongxun អតីតជាអ្នកធ្វើបដិវត្តន៍កុម្មុយនីស្តដ៏សំខាន់​ម្នាក់ ដោយឡែកម្តាយមានឈ្មោះថា Qi Xin។ កាលពីអាយុ១០ឆ្នាំ ឪពុករបស់លោកត្រូវបានគេបណ្តេញចេញពីស្ថាប័ន ហើយបញ្ជូនទៅធ្វើការនៅរោងចក្រ Luoyang ក្នុងខេត្ត Henan។​ ក្រោយមកលោក Xi Zhongxum ត្រូវបានគេចាប់ដាក់ពន្ធនាគារ​ក្នុងឆ្នាំ១៩៦៨ ជាពេលដែលប្រទេសចិន កំពុងស្ថិតនៅក្នុង​ដំណាក់កាលនៃបដិវត្តន៍វប្បធម៌។ ក្នុងនាមជាយុវជនដែលរស់នៅដោយ មិន​មានការមើលថែទាំខុសត្រូវពីសំណាក់​ឪពុក ជម្រុញឲ្យលោក Xi ត្រូវធ្វើការនៅ​ក្រុង Yanchuan ។

ភរិយាទីមួយ របស់លោកមានឈ្មោះថា Ke Lingling ជាកូនស្រីរបស់លោក Ke Hua មន្ត្រីអគ្គរដ្ឋទូត​ចិន ​ប្រចាំ​ចក្រភពអង់គ្លេស​ នៅដើមទសវត្សន៍ឆ្នាំ១៩៨០។ អ្នកទាំងពីរបានលែងលះគ្នា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំក្រោយម​កបន្ទាប់ពីការរៀបការ។ ក្រោយមក​ប្រធានាធិបតីរូបនេះ បានរៀបការជាមួយតារាចម្រៀង​ដ៏ល្បីឈ្មោះម្នាក់ ដែលមានឈ្មោះថា Peng Liyuan ក្នុងឆ្នាំ១៩៨៧។ ក្នុងពេលនោះលោកស្រី​មានឈ្មោះបោះសម្លេង ជាងលោក Xi ទៅទៀត។ អ្នកទាំងពីរ​​មានកូនស្រីម្នាក់​មានឈ្មោះថា Xi Mingze។ ដោយសារតែសម្ពាធការងារ ត្រូវបង្ខំឲ្យអ្នកទាំងពីរ​រស់នៅដាច់ឆ្ងាយពីគ្នាជាញឹកញាប់។

យ៉ាងនេះក្តីលោកស្រី​ Peng នៅតែលើកសរសើរស្វាមីរបស់ខ្លួនថា ជាមនុស្ស​ដែល​អំណត់ព្យាយាមក្នុងការងារ និងជាមនុស្សដាក់ខ្លួនម្នាក់។ លោកស្រីមិនដែលមានអារម្មណ៍ថា ក្នុងផ្ទះលោកស្រីមានអ្នកដឹកនាំកំពូលម្នាក់ឡើយ ផ្ទុយទៅវិញលោកស្រីគ្រាន់តែមានអារម្មណ៍ថា លោក Xi ជា​ស្វាមីដ៏សាមញ្ញម្នាក់តែប៉ុណ្ណោះ។

ក្នុងនាមជាភរិយារបស់មេដឹកនាំប្រទេសមហាអំណាច​ លោកស្រី បានដើរតួនាទីសំខាន់ៗ​ក្នុងនាមជា «First Lady» ច្រើនជាងអតីតភរិយារបស់មេដឹកនាំមុនៗ ។

អ្វីដែលជាចំណុចលេចធ្លោរបស់ប្រធានាធិបតីចិនរូបនេះ គឺលោកត្រូវបានគេចាត់ទុកថា ជាមនុស្សដែល​មានជំនាញក្នុងការដោះស្រាយបញ្ហា មិនចូលចិត្ត​ក្រាញននាលនឹង​មុខដំណែងខ្ពស់ៗ។ លោកក៏ជាមនុស្សស្រឡាញ់​ចូលចិត្តខ្សែភាពយន្តហូលីវ៉ូដម្នាក់ផងដែរ។ ប្រភពព័ត៌មានមួយបានឲ្យដឹងថា ប្រធានាធិបតីរូបនេះ ជាអ្នកគាំទ្រចំពោះភាពយន្តមួយដែលមានឈ្មោះថា The Godfather។

ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ លោក Xi សិក្សាទៅលើផ្នែក វិស្វកម្មគីមីវិទ្យា (Chemical Engineering) នៅសកលវិទ្យាល័យ Tsinghua ក្នុងនាមជានិស្សិតផង និងជាកម្មករផងព្រោះថា ថ្នាក់សិក្សា​នេះមានលក្ខណៈនយោបាយ និងការអនុវត្តន៍ច្រើនជាងការសិក្សា ដោយ​និស្សិតត្រូវចំណាយពេលប្រហែល៨០ភាគរយ ​ក្នុងការអនុវត្តន៍ និងធ្វើការ ដោយមានពេលត្រឹមតែ១៥ភាគរយ​ប៉ុណ្ណោះ​សម្រាប់ការសិក្សា។

ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០២ លោកចាប់ផ្តើមសិក្សាអំពី​ទស្សនវិជ្ជាម៉ាកស៊ីសនិយម (Marxist philosophy) និងមនោគមន៍វិជ្ជាវិញម្តង។ បន្ទាប់ពីបញ្ចប់ការសិក្សា ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២ លោក​ជាប់ឈ្មោះជា​ចៅហ្វាយខេត្ត Fujian ។

ក្រោយមកក្នុងឆ្នាំ២០០២ ដល់២០០៧ ​លោកបានក្លាយជា​ចៅហ្វាយខេត្ត Zhejiang វិញម្តង ។ បន្ទាប់ពីលោក Chen Liangyu ត្រូវបានគេដកហូតដំណែងក្នុងឆ្នាំ២០០៧ ​លោក Xi ត្រូវបាន​គេបញ្ជូនទៅទីក្រុង សៀងហៃ ធ្វើជា​លេខាបក្ស​ក្នុងរយៈពេលខ្លីមួយ។ ពីឆ្នាំ២០០៨ ដល់ ​២០១៣ ​លោកបានជាប់ឈ្មោះជា​អនុប្រធានាធិបតី​របស់ប្រទេស ចិន បន្តពីលោក Jiang Zemin ដោយមានលោក Hu Jintao ជាប្រធានាធិបតី។​ នៅទីបំផុតថ្ងៃទី១៤ ខែ​មីនា ឆ្នាំ២០១៤ លោកបានជាប់ឆ្នោតធ្វើជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន រហូតមកទល់បច្ចុប្បន្ន។ ក្នុងនាមជា​ប្រធានាធិបតីម្នាក់ លោក បានជម្រុញឲ្យប្រទេសយក្សនៅអាស៊ីមួយនេះ ក្លាយជា​មហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោក៕

ខាងក្រោមនេះជាប្រវត្តិការសិក្សា និងប្រវត្តិសង្ខេបការងាររបស់ប្រធានាធិបតីចិន ស៊ី ជីនពីង៖