(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានបញ្ជាក់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះថា នៅរយៈពេល៩ខែ ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាបានជិត ១២០០លានដុល្លារអាមេរិក។  

ការបញ្ជាក់របស់លោក គង់ វិបុល ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលចំណូលពន្ធ ប្រចាំខែកញ្ញា និង ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ និងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។

លោកអគ្គនាយកបានឲ្យដឹងថា «សម្រាប់រយៈពេល០៩ ខែឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ សរុបបានចំនួន ៤,៧៦៥,០៤០.១៦ លានរៀល គិតជាប្រាក់ដុល្លារប្រមាណជា១ ១៩១.២៦លានដុល្លារ ស្មើនឹង ៨៣.៨០% នៃគោលដៅដែលកំណត់ដោយច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធ-អាករ គ្រប់ប្រភេទសម្រាប់ ឆ្នាំ២០១៦កើនឡើង ៧៩៣,៧៧៤.៩២លានរៀល ស្មើនឹងប្រាក់ដុល្លារប្រមាណ ១៩៨.៤៤ លានដុល្លារ ឬស្មើនឹងអត្រាកំណើន ១៩.៩៩%»

ដោយឡែក សម្រាប់ខែកញ្ញា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ (Online) របស់អគ្គនាយកដ្ឋានពន្ធដារ) បានចំនួន ៥០៦,០០០លានរៀល ដែលគិតជាប្រាក់ដុល្លារស្មើនឹងប្រមាណជា ១២៦.៥០ លានដុល្លារ។

ក្នុងកិច្ចប្រជុំថ្ងៃនេះដែរ វិទ្យាស្ថានស្តង់ដារអង់គ្លេស (British Standard Institution - BSI) នៃចក្រភពអង់គ្លេស តាមរយៈក្រុមហ៊ុន TrueIDC ប្រចាំប្រទេសថៃ បានប្រគល់វិញ្ញាបនបត្រ  ISO 27001:2013 ផ្នែកប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា (Information Security Management System) នៃមជ្ឈមណ្ឌលទិន្នន័យ (Data Center) ជូនអគ្គនាយកដ្ឋានពន្ធដារ ដែលនេះគឺជាកិត្តិយស របស់អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ដែលមានស្ថាប័នរដ្ឋមួយឈានមុខគេ ក្នុងការទទួលបានវិញ្ញាបនបត្រនេះ ដែលកន្លងមក មានតែវិស័យឯកជនប៉ុណ្ណោះ ដែលធ្លាប់មានការប្រកួតប្រជែងគ្នា ក្នុងការទទួលបាននូវវិញ្ញាបនបត្រ ISO។

សូមជម្រាបជូនផងដែរថា ស្របពេលដែលអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រង ប្រមូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារបានស្នើសុំ ISO Certificate ពីវិទ្យាស្ថានស្តង់ដារអង់គ្លេស (British Standard Institution - BSI) នៃចក្រភពអង់គ្លេស តាមរយៈក្រុមហ៊ុន True IDC ប្រចាំប្រទេសថៃ។

មុននឹងផ្តល់វិញ្ញាបនបត្រនេះជូនអគ្គនាយកដ្ឋានពន្ធដារ ក្រុមការងារវាយតម្លៃរបស់ TrueIDC បានចុះមកពិនិត្យនិងវាយតម្លៃមជ្ឈមណ្ឌលទិន្នន័យ (Data Center) របស់អគ្គនាយកដ្ឋានពន្ធដារ ជាច្រើនលើកច្រើនសា និងបានពិនិត្យឃើញថា អគ្គនាយកដ្ឋានពន្ធដារបានបំពេញតាមគ្រប់លក្ខខណ្ឌ តម្រូវរបស់ក្រុមវាយតម្លៃ រួមទាំងលក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌផ្នែក Software និង Hardware ជាដើម ដែលត្រូវមានភាពសមស្រប ឆ្លើយតបទៅនឹងស្តង់ដាររបស់ក្រុមអ្នកវាយតម្លៃ។ ក្នុងន័យនេះ មជ្ឈមណ្ឌលទិន្នន័យ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អគ្គនាយកដ្ឋានពន្ធដារ ព្រោះរាល់ទិន្នន័យទាំងទ្បាយរបស់អ្នក ជាប់ពន្ធទូទាំងប្រទេសត្រូវបានរក្សាទុក ក្នុងមជ្ឈមណ្ឌលទិន្នន័យនេះ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន និងត្រូវមានសុវត្ថិភាពខ្ពស់ជាទីបំផុត។

លោក គង់ វិបុល ក៏បានលើកទ្បើងបញ្ជាក់បន្ថែមទៀតផងដែរ នូវការយកចិត្តទុកដាក់ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងការប្រកបការងារប្រចាំថ្ងៃរបស់កម្មករនិយោជិត នៃរោងចក្រ សហគ្រាសទាំងអស់ ដែល​ថ្មីៗនេះ តាមរយៈ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសារាចរណែនាំលេខ ០១១ សហវ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ​២០១៦ ស្តីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម ដើម្បីផ្តល់នូវការអនុគ្រោះ​ដោយមិនគិតបញ្ចូល​ទៅ​ក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស និងមិនចាត់ទុក​ជាកម្មវត្ថុ​នៃពន្ធ​លើ​អត្ថប្រយោជន៍បន្ថែម ចំពោះប្រាក់ឧបត្ថម្ភមួយ​ចំនួន​ដែលកម្មករនិយោជិតទទួលបានពីការបំពេញការងារ។

ជាមួយគ្នានេះ លោក គង់ វិបុល បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលគ្រប់គ្រងប្រមូលចំណូលពន្ធរបស់អង្គភាពក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រមូលចំណូល រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ និងបានផ្តល់អនុសាសន៍ណែនាំ បន្ថែមដល់គ្រប់អង្គភាព ឲ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធសប្បាយចិត្ត និងមិនសម្តែងការរអ៊ូរទាំ ព្រមទាំងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕