(ឧត្តរមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យ លោកស្រី​ ឯក សុវណ្ណភារៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តឧត្តរមានជ័យ និងសហការី បានចុះសួរសុខទុក្ខ លោកព្រិន្ទបាលទោ អៀង សុដន អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាលព្រំដែនដែលទទួលរងគ្រោះដោយសារផ្ទុះមីន កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តសុរិន ប្រទេសថៃ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នេះ។

មន្ត្រីនគរបាលរូបនេះ បានទទួលរងគ្រោះដោយសារផ្ទុះមីនស្កូប្រភេទK58 បណ្តាលឲ្យដាច់ជើងខាងស្តាំ កាលពីថ្ងៃទី១២ ខែតុលា​ឆ្នាំ២០១៦​ ខណៈពេលកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចំណុចតាទុំ ស្ថិតក្នុងភូមិតាទុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ លោកស្រី​ ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិត អាសូរ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុដែលកើតមានឡើងចំពោះលោកព្រិន្ទបាលទោ អៀង សុដន ក្នុងពេលបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន តស៊ូ ការពារបូរណភាពដែនដីនៅតាមព្រំដែនកម្ពុជា-ថៃ ដោយមិនឲ្យបច្ចាមិត្តទាំងឡាយណា ឈ្លានពានទឹកដីបានឡើយ។

ជាការឆ្លើយតប លោកព្រិន្ទបាលទោ អៀង សុដន និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខជនរងគ្រោះ និងចាត់មន្ត្រីនាំយកអំណោយមកជូនរួមមាន ថវិកា ៥ លានរៀល មី ២កេស ត្រីខ ២០កំប៉ុង ទឹកដោះគោឆៅ ៥កេស ស្ករស ៥គីឡូក្រាម និង ឃីត១(មុង ភួយ សារុង ក្រមា)៕