(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនប្រេងឥន្ធនៈទាំងអស់ សូមពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ឲ្យបានគ្រប់ជ្រុងជ្រោយ ទាំងសំបកកង់រថយន្ត ប៊ូឡុងតាគេកង់រថយន្ត ឲ្យបានត្រឹមត្រូវ មុននឹងសម្រេចឲ្យចេញដំណើរ។

ការអំពាវនាវរបស់ លោកឧត្តមសេនីយ៍ឯក យ៉ាងដូច្នេះក្រោយមានរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរ និងរថយន្តក្រុមហ៊ុនដឹកប្រេងឥន្ធនៈមួយចំនួន បានបើកបរលើកដងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន និងមិនបានពិនិត្យមើលលក្ខណៈកង់រថយន្ត ឲ្យបានត្រឹមត្រូវ ដែលអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ហើយត្រូវបានកម្លាំងនគរបាល នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ឃាត់ទុក និងអប់រំ។

លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានលើកឡើងថា «សូមអំពាវនាវដល់គ្រប់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ពិសេសក្រុមហ៊ុនដឹកអ្នកដំណើរ និងក្រុមហ៊ុនដឹកប្រេងឥន្ធនៈ មុនចេញដំណើរត្រូវត្រួតពិនិត្យ យានយន្តរបស់ខ្លួនឲ្យបានមុន ជាជាងអាចបង្កគ្រោះថ្នាក់ដោយផ្ទុះកង់រថយន្ត ឬរបូតកង់រថយន្តជាដើម និងសូមឲ្យអ្នកបើកបររថយន្ត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរ គោរពច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាព»