(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន បានដកជំនួយប្រចាំឆ្នាំ២០១៦ សម្រាប់ផ្តល់ឲ្យអង្គការ UNESCO នៅក្រោយពេល អង្គការបេតិកភណ្ឌពិភពលោកមួយនេះ បានសម្រេចចិត្តដាក់បញ្ចូលឯកសារស្តីអំពី ការសម្លាប់ ដ៏រង្គាល នៅខេត្តណានជីង (Nanjing) នៃប្រទេសចិន កាលពីឆ្នាំ១៩៣៧ ទៅក្នុងកម្មវិធី «ការចងចាំរបស់ពិភពលោក» ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩២ ក្នុងគោលបំណង ថែរក្សារឯកសារនិងសម្ភារៈប្រវត្តិសាស្រ្តសំខាន់ៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦។

យ៉ាងណាមិញ លោករដ្ឋមន្រ្តីការបរទេស មិនបានបកស្រាយប្រាប់ពីហេតុផលនៅពីក្រោយការដក ជំនួយជាថវិកាចំនួន ៣៧លានដុល្លារនេះឡើយ ប៉ុន្តែប្រធានលេខាធិការដ្ឋានគណៈរដ្ឋមន្រ្តីលោក Yoshide Suga បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញថា ការសម្រេចចិត្តរបស់អង្គការ UNESCO ក្នុងការដាក់បញ្ចូលឯកសារខាងលើបែបនេះ គឺអាចបង្កជាបញ្ហា ដោយផ្អែកលើ ភាពចំរូងចំរាស់ ដែលធ្លាប់កើតមានរវាងចិននិងជប៉ុន ហើយការសម្រេចចិត្តនេះ អាចបង្ខំឲ្យទីក្រុងតូក្យូ ផ្អាកជំនួយបាន។

គួរបញ្ជាក់ថា ចំណងទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ជប៉ុន-ចិន បានធ្លាក់ចូលទៅ ក្នុងភាពល្អក់ខ្វល់ ដោយសារតែជម្លោះទឹកដីនៅសមុទ្រចិនខាងកើត និងដោយសារតែអតីតកាល នៃការឈ្លានពានរបស់ជប៉ុន ចូលមកក្នុងទឹកដីចិន។ ពាក់ព័ន្ធនឹងបញ្ហានេះ ចិនបានរំលឹក អតីតកាលដ៏ជូរចត់ថា កងទ័ពជប៉ុនដែលបានឈ្លានពានប្រទេសខ្លួន បានសម្លាប់ប្រជាជានចិន ប្រមាណ ៣០០,០០០នាក់កាលពីឆ្នាំ១៩៣៧ នៅកណ្តាលខេត្ត Nanjing៕