(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តដ៏សកម្មមួយរូប របស់គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន រួមនឹងក្រុមការងារ និងអាជ្ញាធរភូមិ សង្កាត់ បានអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៧គ្រួសារ រស់នៅជនបទដាច់ស្រយ៉ាល ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ឱកាសនោះលោកស្រី បានលើកឡើងថា ក្នុងនាមជាអ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន គឺរួមសុខ រួមទុក្ខគ្រប់កាលៈទេសៈ ជាមួយប្រជាជន មិនដែលបានសន្យា តែបានធ្វើជូនប្រជាជនគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ។ ដោយលោកស្រីបានផ្តាំផ្ញើបន្ថែម ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមឲ្យបងប្អូនខិតខំបន្តទៀត ដើម្បីពង្រឹងពង្រីកជីវភាពរស់នៅរបស់ក្រុមគ្រួសារនិមួយៗ ព្រោះប្រទេសជាតិរបស់យើង មានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ គឺប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការរស់នៅ ដោយពុំមានការភ័យព្រួយអ្វីឡើយ ដោយប្រកបមុខរបរ និងការងារទៅតាមលទ្ធភាព រៀងៗខ្លួន ផ្ទុយពីអតីតកាល ដែលយើងគ្រប់គ្នារស់នៅដោយការភ័យខ្លាច​ ដោយសារសង្រ្គាមញុំញីពេញផ្ទៃប្រទេស របស់យើង។

លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តថែររក្សាការពារសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍប្រទេស ប្រកបដោយចិរភាព គឺបន្តបោះឆ្នោតជូនគណបក្សជាជនកម្ពុជា ដើម្បីធានាបានគ្រប់យ៉ាងនូវ សុខសន្តិភាព សេរីភាព ស្ថេរភាព និងការអភិវឌ្ឍ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត ផងដែរ។

អំណោយផ្តល់ជូនប្រជាពលរដ្ឋទាំង៧គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន សម្រាប់ជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ នាពេលនេះ៕