(ភ្នំពេញ)៖ នៅក្នុង​សារលិខិត​របស់​​ប្រធានា​ធិបតី​ចិន លោក ស៊ី ជីន​ពីង​ ​ផ្ញើរ​ជូន​កម្ពុជា​ ដែល​បាន​លើក​ទ្បើងថា ​​ប្រវត្ដិ​សាស្រ្ដ​​​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទំាង​ពីរ​ គឺ​​មាន​តំាង​ពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ ​ពិសេស​លោកបាន​លើក​ទ្បើង​យ៉ាង​ច្បាស់ថា​ ចម្លាក់​លើ​ជញ្ជំាង​ប្រាសាទបាយ័ន​ បាន​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​រស់​រវើក​​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​រវាង​ពាណិជ្ជករ​ចិន និ​ងប្រជាជន​កម្ពុជា​ កាល​ពី​សម័យ​បុរាណ។​

ចំពោះ​ខ្លឹម​សារ​នៃ​សារលិខិត​នេះ​ ក្នុង​នាម​យើង​ជា​ខ្មែរ​ពិត​ជា​មាន​មោទនភាព​ណាស់​ ព្រោះ​បាន​​​ឆ្លុះ​បញ្ចំាង​ពីតថភាព​ពិត​នៃ​ប្រវត្ដិសាស្រ្ដ​ ស្ដី​អំពី​​ទំនាក់​ទំនងរវាង​​ខ្មែរ-ចិន​ ដ៏​គួរ​ឲ្យ​រំភើប និង​ប្រកប​ដោ​យ​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​ជាទី​បំផុត​។

​​​​ទាក់​ទងនិង​ព្រឹត្ដការណ៍ជា​​ប្រវត្ដិ​សាស្រ្ដ​ទំាង​នេះ​ អង្គភាពព័ត៌មាន ​Fresh News បាន​ជួប​សម្ភាសន៍​លោក រត្ន័ សណ្ដាប់ អ្នក​ជំនាញ​ផ្នែក​អរិយធម៌​ខ្មែរ លោក បានបញ្ជាក់ថា​ បើយោង​ទៅលើ​ប្រវត្ដិសាស្រ្ដ​ទំនាក់​ទំនង​ការ​ទូត​​ និង​ពាណិជ្ជកម្ម​ ​រវាង​​ខ្មែរនឹ​ង​​ចិន​ មាន​ចាប់​តំាង​ពី​ស.វ.​ទី៣​មក​ម្ល៉េះ​។ ក្នុង​នោះ​បេសកម្មការទូតចិន​ដំបូង ​ដែល​បាន​មក​កាន់​កម្ពុជា​ គឺ​ឈ្មោះ កំាង​ ថៃ និង​ឈូ យីង​ ស្ថិត​ក្នុង​រាជ្យ​ព្រះ​បាទ ហ្វាន់ ស៊ុន​ ព្រោះ​កម្ពុជា​ជា​កំពង់ផៃ​ផ្លូវ​ទឹក​ដ៏​សំខាន់​ សម្រាប់​ឆ្លង​កាត់​ពាណិជ្ជ​កម្ម​អន្ដរ​ជាតិ​រវាង​ចិន​ និង​ឥណ្ឌា​ ​ដែល​អាច​ហៅបាន​ថា​ ​«ផ្លូវសូត្រ​សម័យ​បុរាណ»​​​ ស្របនិងសម្មតិកម្មបច្ចុប្បន្ន​ ​ក្នុង​ទស្សន​វិស័យ​របស់លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ថា​«ផ្លូវ​សូត្រ​សមុទ្រ​ស.វ.ទី២១»​ នេះ​ឯង​។​

ដោយ​សារ​​តែ​វត្ដមាន​អ្នក​ការ​ទូត​ចិន​ទំាង​ពីរ​រូប មក​ដល់​ស្រុក​ខ្មែរ​នេះ​ហើយ​ ទើប​មាន​កំណត់ហេតុ​​របស់​អ្នក​ការ​ទូត​ទំាង​ពីរ​នេះ ដែល​បាន​ផ្ដល់​​ព័ត៌មាន​​​ដំបូង​អំពី​ហ្វូណន។​ ហើយ​ម្យ៉ាង​ទៀត​នេះ ក៏ពុំបាន​សេចក្ដីថា​ ខ្មែរ​មាន​​ទំនាក់​ទំនងចិន​​ ចាប់​ពី​ស.វ.​នេះទេ អាចមាន​មុន​សម័យ​នេះ​ទៅ​ ព្រោះក្នុង​ការធ្វើ​កំណាយ​ គេ​បាន​រក​ឃើញនូវ កុលាលភាជន៍​ផ្សេងៗ ដែលបាន​នំាចូល​ពីចិន​ មាន​តំាងពី​សម័យ​បុរេ​ប្រវត្ដិ​មក​ម្លេះ។​

ត្រង់​ចំណុច​នេះ លោក រត្ន័ សណ្ដាប់ បាន​បញ្ជក់ថា​ សូម្បី​តែឯកសារ​ប្រវត្ដិ​សាស្រ្ដ​ជា​​ផ្លូវ​ការ​សព្វថ្ងៃ​ឈ្មោះ​ «ហ្វូណន»នេះ​ ក៏​ជា​សំនៀងភាសា​ចិន​ ដែល​បាន​កត់​ត្រា​​អាន​ត្រាប់​តាម​ខ្មែរផង​ដែរ ​ព្រោះ​ពាក្យ​នេះ​ គេ​ឃើញ​មាន​តែ​ក្នុង​អត្ថបទ​ប្រវត្ដិ​សាស្រ្ដ​ចិន តែប៉ុណ្ណោះ​ ប៉ុន្ដែ​បើ​ពិនិត្យ​​​អំពី​​​ឈ្មោះនេះ នៅ​​ក្នុង​​ឯកសារក្នុង​ស្រុក ជា​ពិសេសចារឹ​កនោះ គឺពុំ​មានទ្បើយ។​

ទាក់​ទង​នឹង​ជនជាតិចិន​​នេះដែរ​ លោក រត្ន័ សណ្ដាប់ បានបញ្ជក់​ថែម​ទៀត បើ​និយាយ​ពី​​ពាក្យ​ «ចិន» ដែល​មាន​ន័យ​​ជា​ជនជាតិ​នោះ​ គេ​ប្រទះ​ឃើញ​នៅ​ក្នុង​សិលា​ចារឹក​តំាង​ពី​សម័យ​មុន​​អង្គរ​មក​ម្ល៉េះ ដែល​ជា​ឈ្មោះ​ខ្ញុំ​នៃ​ប្រាសាទ​ គឺ​សិលា​ចារឹក​​ទួល​អង្គរ​លំាង​គែន​ K877 ប្រហែល​ស.វ.​ទី៧-៨​ បានរៀបរាប់ពីឈ្មោះថា​ «កុ​ ចិន» ដែលមាន​នាទី​ជា​ខ្ញុំ​នៃ​ប្រាសា​ទ។ រីឯសិលាចារឹក​បន្ទាយ​ព្រៃ​ K222 ក៏បាន​រៀបរាប់ផង​ដែរ ​​អំពី​ចំនួន​ឈ្មោះ​​ជា​ច្រើ​ន​នៃ​ខ្ញុំ​ប្រាសាទ​ ដែល​ក្នុង​នោះ​ គេ​ឃើញ​មាន​ពាក្យ «ចិន» បង្ហាញ​នៅ​បន្ទាត់​ទី៦ថា «តៃ ចិន»។

នៅ​សម័យមុនអង្គរចំពោះ​ពាក្យ «កុ» និង «តៃ» ជា​ងារ​ប្រើ​សម្រាប់​សម្គាល់​ភេទ​ស្រី​​​។​ ដូច្នេះពាក្យថា​«កុ ចិន» ឬ«តៃ ចិន​»​ អាចមាន​ន័យ​ថា នារី​ឈ្មោះចិន ឬស្រ្ដី​ជនជាតិចិន​ (?) មាន​ឋានៈជា​ខ្ញុំ។​ នេះឆ្លុះបញ្ចំាង​ឲ្យ​ឃើញអំពី​​ប្រពៃណី​នៃការ​រស់​នៅ​រវាង​ជនជាតិ​ខ្មែរ និងជនជាតិចិន ពិតជា​មាន​ភាព​​សុខដុម​​ជាមួយគ្នា ពិសេស​ទំនាក់​ទំនងការ​ទូត​និង​ពាណិជ្ជកម្ម​ ដ៏ល្អ​ជាមួយចិន ហើយ​ដែល​ប្រពៃណី​នេះ បាន​បន្ដដល់បច្ចុប្បន្ន ជាក់ស្ដែង​ប្រពៃណី​អាពាហ៍ពិពាហ៍ ឬបុណ្យទាន​ ផ្សេងៗ គឺ​ប្រពៃណីខ្មែរ​ និងចិន បាន​សំយោគ​បញ្ចូល​គ្នា យ៉ាង​​សុខសាន្ដ ​ជាទី​បំផុត។ នេះ​ហើយជា​លក្ខណះ​ពិសេសរបស់អារ្យធម៌​ខ្មែរ។​

​អ្វី​ជាការកត់​សម្គាល់​ថែម​ទៀត លោកប្រធានាធិបតីចិន ស៊ី ជីនពីង បាន​លើក​ទាក់ទង​ទៅ​ និងចម្លាក់​លើ​ជញ្ជំាង​ប្រាសាទបាយ័ន ស្ដីអំពី៖​ ​ទិដ្ឋភាព​ដ៏​រស់​រវើក​​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​រវាង​ពាណិជ្ជករ​ចិន និ​ងប្រជាជន​កម្ពុជា​ កាល​ពី​សម័យ​បុរាណនោះ លោក រត្ន័ សណ្ដាប់ បាន​បង្ហាញ​​ពី​​មោទនភាព​ ប្រកប​ដោយក្ដីយ៉ាងរំភើបថា ប្រាសាទ​បាយ័ន្ដ​ បាន​កសាង​ទ្បើង​​ក្នុងរាជ្យព្រះបាទ​ជ័យវរ្ម័ន​ទី៧ ដែល​ជា​ប្រាសាទ​សម្រាប់រាជ្យ​ ឧទ្ធិស​ដល់​ពុទ្ធសាសនា​មហាយាន​។ នៅលើ​តួប៉ម​នីមួយៗ មាន​មុខ​លោក​កេស្វរ​​ ជា​និមិត្ដរូប​​ព្រះ​អង្គផ្ទាល់។ ប៉ុន្ដែ​អ្វី​ជាការអស្ចារ្យ​ ថែម​ទៀត​នោះ​ ការ​កសាង​ប្រាសាទ​នេះ ក៏បាន​ឆ្លុះ​បញ្ចំាងអំពី​រឿងរ៉ាវ​ប្រវត្ដិ​សាស្រ្ដ ​​និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ នាសម័យនោះ​ផង​ដែរ។​

ជាក់​ស្ដែង​ នៅ​តាម​ជញ្ជាំង​មាន​ឆ្លាក់​ជនបរទេស​ ដែលបាន​ចូលរួម​ច្បាំងក្នុង​ជួរ​កង​ទ័ព​ខ្មែរ ក្នុង​ឯក​សណ្នានជាយោធា​ និង​ជន​សាមញ្ញ​ ដែលបាន​​តំាង​ទី​លំនៅ​ក្នុងស្រុក​ខ្មែរ​ ដើម្បី​ប្រកប​ជំនួញផ្សេងៗ​ ។ ចំពោះជនបរទេស​នោះគឺ «ជាជនជាតិចិន​»​ ​នេះឯង​ ព្រោះ​លក្ខណះ​សម្គាល់​រវាង​ជន​ជាតិខ្មែរ និងចិន​ ខុសគ្នាត្រង់​ជន​ជាតិ​ចិន គេឆ្លាក់មនុស្សមាន​ភ្នែក​តឹង​ ចិញ្ជើម​បាញ់​ទ្បើង​​លើ​ មាន​ពុក​មាត់​និងពុក​ចង្ការ​ស្រួច​ចុះ​ក្រោម​ ត្រចៀកតូច​អត់មាន​ទងធ្លាក់ចុះ ។ រី​ឯផ្នួង​ សក់​វិញ គេ​សិត​បួងទ្បើង​លើ​ ដោយ​ផ្ដុំ​សក់​ទាំ​ង​អស់​នៅ​កណ្ដាល​ ហើយ​គេ​ចង​ជា​ភ្ជួង​ដែល​មាន​លម្អ និងរបៀប​ចងខុសៗ គ្នា​ពី​ខ្មែរ។​ ចំណែក​ឯការបង្ហាញ​ប្រជាពលរដ្ឋ សាមញ្ញជនជាតិចិន ​ពាក់អាវ​មាន​ជាយ​គ្រប​លើគ្នា​ ឯជាយ​ខាងក្រោម​ធ្លាក់​ហួស​ចង្កេះ។​​

ហេតុ​នេះ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតីចិន មកកាន់មាតុភូមិអង្គរ​ដ៏បឋរ​របស់កម្ពុជា​ ជាមួយ​នឹងសារ​ភ្ជាប់​​ជានិមិត្ដរូប ប្រាសាទ​បាយ័ន្ដនេះ គឺពិត​ជាបាន​​បង្ហាញពី​ប្រពៃណី​ដ៏រស់​រវើករវាងខ្មែរនិង​ចិន ហើយដែល​ប្រពៃណីនេះ​ បាន​បន្ដជាបន្ដបន្ទាប់ មក​ដល់​សម័យ​សង្គម​រាស្រ្ដ​​និយម ស្ថិតក្រោម​ការ​ដឹក​នំា​ព្រះករុណាព្រះ​បាទនរោត្ដមព្រះ​សីហនុ (ព្រះបរមរតន​កោដ្ឋ)។ ​

​បច្ចុប្បន្ននេះ ចំណងមិត្ដភាពនេះ ត្រូវបាន​សម្ដេច​តេជោ ហ៊ុន សែន និង​ប្រធានា​ធិប​តី​ចិន​ ស៊ី ជីនពីង បាន​បន្ដពីបុព្វបុរសរបស់ខ្លួន ដោយបានធ្វើ​​ឲ្យ​ពិភព​លោក​ឃើញ​​កាន់​តែ​អស្ចារ្យ​​ថែមទៀត ពិសេសដំណើរ​ទស្សនកិច្ច​ដើម្បី​រឹត​ចំណងមិត្ដភាព​រវាង​ប្រទេសទំាង​ពីរ​​នៅ​ពេល​​នេះ។

ជា​ចុង​ក្រោយ លោក រត្ន័ សណ្ដាប់ ជាអ្នក​ជំនាញ​ផ្នែក​អរិយធម៌ខ្មែរ ហើយក៏ជាអ្នកនិពន្ធ​​សៀវ​ភៅ​ស្ដី​ពី​ប្រវត្ដិ​ទង់ជាតិ ភ្លេង​ជាតិ នគររាជ និងក្នុងនាម​ជាកូន​ខ្មែរ​​មួយ ​​​យល់​ឃើញ​ថា​ បើនិយាយពី​បរិបទនិន្ទាការ​ប្រវត្ដិសាស្រ្ដពិភពលោក​ស.វ​ទី១៩ ជាស.វ.របស់​អ៊ឺរ៉ុប​ ជាអ្នក​ត្រួត​​ត្រា​​​ពិភព​លោក ស.វ.ទី​២០ ជា​ស.វ.របស់​អាមេរិកកំាង​ ដោយ​ទ្បែក​នៅ​ ស.វ.​ទី​២១​​នេះ ជា​ស.វ.របស់​អាស៊ីជាអ្នក​គ្រប់​គ្រង​ពិភពលោក​គឺ «ចិន»​នេះ​ឯង​។​ ហេតុនេះចំពោះកម្ពុជា​ស្ថិត​ក្រោម​ដឹក​នំាដោយ​ សម្ដេចតេ​ជោ​ ហ៊ុន សែន ពិត​ជា​មានមោទភាពណាស់​ចំពោះ​ចំណង​មិត្ដ​ភាពនិងក្នុង​កាលះទេសះ​​នេះ។

ដូច្នេះចំពោះ​ចំណងមិត្ដរវាងចិននឹងកម្ពុជា​ ដែលចិន​តំណាងដោយ​នាគ​ និងសម្ដេច​តេជោ កើត​ឆ្នាំនាគ ពិត​ជា​នាំមក​នូវ​ភាព​ជោគ​ជ័យ​ថ្មីៗ​ ថែមទៀត ដើម្បី​ញំាងឲ្យប្រទេស​ទំាង​ពីរ​មាន​ភាពសំបូរ​សប្បាយ​រវាង​​រៀងៗ​ខ្លួន៕​