(ភ្នំពេញ)៖ ថ្លែងទៅកាន់សមាជិកសកម្មរបស់ ស.ស.យ.ក. ទាំង៤៤ និង ៤សង្កាត់ នៃខណ្ឌមានជ័យ ជាង៦០០នាក់ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា៖ ស.ស.យ.ក.មានមោទនភាពដែលសមាជិកយើងមានប្រមាណ៧ម៉ឺននាក់ ទោះបីចំនួននេះអាចនៅតិចតួច តែបើប្រៀបធៀបទៅនឹងអង្គការ សមាគមនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួននេះបានបង្ហាញនូវសក្តានុពលដ៏ ធំនៃធនធានមនុស្សរបស់ ស.ស.យ.ក.។

ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅ ក្នុងគោលបំណង ផ្សព្វផ្សាយអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក កន្លងទៅ ដែលបានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការងារពង្រឹង និងពង្រីក រចនាសម្ព័ន្ធស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ទាំងបរិមាណ និងគុណភាព។

លោកបានលើកឡើងនូវការកោតសរសើរ ចំពោះសកម្មភាពកន្លងមក ដែលបានចូលរួមចំណែកជាវិជ្ជមាន ដល់សង្គម។ ទន្ទឹមនឹងនោះ យើងត្រូវសិក្សានូវតម្លៃនៃអ្វីដែល យើងកំពុងធ្វើ និងអំពីលទ្ធផលដែលយើងចង់ឃើញកើតចេញពីសកម្មភាពរបស់យើង ទើបការលះបង់ និងចូលរួមរបស់យើងពោរពេញទៅដោយមោទនភាព។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានអំពាវនាវសូមឲ្យបងប្អូនបន្តយុទ្ធនាការពលរដ្ឋល្អ ក្នុងនាមជាសមាជិកក្រុមគ្រួសារ ស.ស.យ.ក. និងឆ្លៀតឱកាសហ្វឹកហាត់ខ្លួន តាមរយៈការចូលរួមសង្កេតការណ៍ នៃការចុះឈ្មោះបោះឆ្នោត។សមាជិក ស.ស.យ.ក. ត្រូវបន្តបំពេញភារកិច្ចជាពលរដ្ឋល្អ តាមរយៈការចេះជួយគ្នានៅក្នុងសង្គម ដូចជាជួយយកអាសារជនរងគ្រោះ ពេលមានគ្រោះថ្នាក់ចរាចរណ៍ ជាជាងការគ្រាន់តែថតរូបដើម្បីបង្ហោះចូលបណ្តាញសង្គម។

ចុងក្រោយ លោកបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ទាក់ទងនឹងការបង្កើតក្តីសង្ឃឹម និងជំនឿជាក់លើប្រទេសជាតិ។ យើងជឿជាក់លើកម្ពុជា គ្រប់កាលៈទេសៈទាំងអស់ ព្រោះទម្រាំកម្ពុជាបានមកដល់បច្ចុប្បន្នគឺអ្នកជំនាន់មុនបានខិតខំ និងពលីខ្ពស់ណាស់។ ដូច្នេះការជឿជាក់គឺជាកត្តាសំខាន់ដើម្បី នាវាកម្ពុជាដើរទៅមុខលើផ្លូវវិជ្ជមានជានិច្ច៕