(សៀមរាប)៖ កម្មវិធីអប់រំបេតិកភណ្ឌអង្គរ ដល់និស្សិតតាមបណ្តាសាកលវិទ្យាល័យក្នុងខេត្តសៀមរាប ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ សង្វារ អគ្គនាយករង បានដំណើរគ្រប់សាកលវិទ្យាល័យទាំងអស់ហើយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦មក។

នៅឯសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប ដែលជាសាកលវិទ្យាល័យពៅគេក្នុងចំណោម៧សាកលវិទ្យាល័យក្នុងខេត្តសៀមរាបនោះ ឯកឧត្តម សុខ សង្វារ បានបញ្ជាក់ថា ក្រុមការងារ​នឹងរៀបចំឲ្យកម្មវិធីយុវជនបេតិកភណ្ឌមួយ នាពេលឆាប់ៗខាងមុខនេះ។ ដោយមិនទាន់កំណត់ថា កម្មវិធីនេះនឹងឈ្មោះថាកម្មវិធីអ្វីនៅឡើយ តែឯកឧត្តមប្រធានក្រុមអប់រំបេតិកភណ្ឌ​បានបញ្ជាក់ថា កម្មវិធីដែលគ្រោងនឹងរៀបចំនេះ គឺក្នុងន័យលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការថែរក្សាការពារបេតិកភណ្ឌ។

«យើងនឹងធ្វើការបន្ថែមទៀតជាមួយសាកលវិទ្យាល័យ ដើម្បីជ្រើសរើសនិស្សិតដែលស្ម័គ្រចិត្ត ដើម្បីពិភាក្សាគ្នាថា តើគួររៀបចំកម្មវិធីអ្វីមួយដែលអាច​ជំរុញឲ្យយុវជនកាន់​តែមានការយល់ដឹង មានស្មារតីស្រឡាញ់ និងចូលរួមថែរក្សាការពារបេតិកភណ្ឌទាំងអស់គ្នា» នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តម សុខ សង្វារ នៅចំពោះមុខប្រធានមន្ទីរអប់រំយុវជន និងកីឡា នាយកសាកលវិទ្យាល័យបៀលប្រាយ និងនិស្សិតជាង១០០នាក់។

ឯកឧត្តមបញ្ជាក់ថា «យើងនឹងអង្គុយជជែកគ្នារកវិធីណាដែលល្អ ជំរុញឲ្យយុវជនបានចូលរួមក្នុងការងារនេះ ព្រោះការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានអង្គរ មិនអាចអាជ្ញាធរតែមួយ ឬក្រុមណាមួយធ្វើបានដោយគ្មានការចូលរួមពីគ្រប់គ្នានោះឡើយ ជាពិសេស គឺយុវជនតែម្តង។ យើងនឹងបង្កើតកម្មវិធីយុវជនបេតិកភណ្ឌនេះឡើង ដើម្បីឲ្យយុវជនតាមសាកលវិទ្យាល័យ ដែលស្រឡាញ់​បេតិកភណ្ឌ បានជួបពិភាក្សាគ្នានិងរួមគ្នាធ្វើយុទ្ធនាការដើម្បីជំរុញយុវជនដទៃៗទៀតឲ្យចូលរួមផង»។

គួររំឭកថា ដើម្បីបញ្ជ្រាបចំណេះដឹងស្តីពីបេតិកភណ្ឌដល់សិស្ស និស្សិត អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារមួយ ដែលបានដំណើរការតាំងពីខែកក្កដា ឆ្នាំ២០១៦មក។ កម្មវិធីនេះ គឺពន្យល់​និស្សិតឲ្យយល់ដឹងទិដ្ឋទូទៅនៃបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក សារៈសំខាន់នៃបេតិកភណ្ឌ ការអភិរក្សជួសជុលបេតិកភណ្ឌអង្គរ និងការគ្រប់គ្រងទេសចរណ៍​ក្នុងតំបន់​បេតិកភណ្ឌ។ បន្ទាប់ពីបេសកកម្មតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ក្នុងខេត្តសៀមរាបហើយ ក្រុមការងារគ្រោងនឹងចុះអប់រំដល់សិស្សានុសិស្សតាមវិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់ក្នុងតំបន់អង្គរទាំងមូលជាបន្តទៀត៕