(ព្រះសីហនុ)៖ ប្តី-ប្រពន្ធមួយគូរ បង្កើតបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ។ នៅក្នុង គ្រួសារមួយនេះ ប្តី-ប្រពន្ធ សុទ្ធតែកំព្រាឱពុកម្តាយ ទាំងសងខាងដូចគ្នា ហាក់គ្មានញាតិសន្តនាច្រើនឡើយ។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ មានស្រ្តីម្នាក់បាន សម្រាលកូនដំបូងដោយវះកាត់ បានទារក៣នាក់។

ឱពុកកូនភ្លោះទាំង៣ មានឈ្មោះថា សាអ៊ីម អាយុ៣៣ឆ្នាំ ដែលមានស្រុកកំណើតនៅឃុំឈ្នួលមានជ័យ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ចំណែកប្រពន្ធវិញ ឈ្មោះ ប្រាក់ កញ្ញា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិ១ សង្កាត់៣ ខណ្ឌមានជ័យ ក្រុងព្រះសីហនុ។ ទាំង២នាក់ ប្តីប្រពន្ធ សុទ្ធតែបំរើ ការងារជា បុគ្គលិក នៅក្នុងហាង អ៊ីនវីតូដូចគ្នា។

យោងតាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា កូនទី១ ភេទប្រុស មានទំងន់ ២៤០០ក្រាម ឈ្មោះ សេក ខេមរៈ និងកូនទី២ ភេទប្រុស មានទំងន់ ២៣០០ក្រាម ឈ្មោះ សេក ខេមរា និងកូនទី៣ មានទំងន់ ២៣០០ក្រាម ឈ្មោះ សេក ខេមរិន៕