(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅទស្សនាកម្មវិធីប្រណាំងទូក ដែលរៀបចំនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជំរាបថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ នៅតាមបណ្តាខេត្តមួយចំនួន ចាប់ផ្តើមរៀបចំពិធី ប្រណាំងទូករៀងៗខ្លួន ដែលពិធីបែបនេះ តែងត្រូវបានធ្វើឡើងរៀបរាល់ឆ្នាំ នៅតាមបណ្តាខេត្តនានា ទៅតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ។

នៅខណៈដែលពិធីប្រណាំងទូកកំពុងរៀបចំនៅតាមបណ្តាខេត្តនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមទស្សនា និងគាំទ្រកីឡាអុំទូក ឲ្យបានច្រើនកុះករ ទាំងអស់គ្នា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នាថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ទៅតាមទំនៀមទំលាប់ប្រពៃណីរបស់ខ្លួន។ បុណ្យនេះ ត្រូវបានធ្វើឡើង ដើម្បីរម្លឹកដល់ គំរូវីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ កាលពីជំនាន់ដើម៕