(កំពង់ស្ពឺ)៖ សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍រថយន្តធំ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍បញ្ជាក់ថា បើយោងតាមកម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ដោយផ្នែកតាមបញ្ជាលោកអភិបាលខេត្តកំពង់ស្ពឺរថយន្តធំៗ នឹងផ្អាកចរាចរណ៍ដោយស្ថានភាពទឹក បានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរវែង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមានកម្លាំងអាវុធហត្ថ បានដាក់ការពារសុវត្តិភាពជូនម្ចាស់រថយន្ត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង ម៉្យាងការពារបាក់ខូចខាតផ្លូវជាតិផងដែរ៕