(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ ២០១៦បានអញ្ជើញចូលរួម ក្នុងពិធីប្រណាំងទូក.ង នៅខេត្តព្រៃវែង។

ក្នុងពិធីនោះ ក៏មានការចូលរួមពី លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងមន្ត្រីរាជការជុំវិញខេត្តជាច្រើនទៀត។  

ថ្លែងក្នុងឱកាសនោះ នាយយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា ទូកដែលបានចូលរួមប្រកួត មានចំនួន២២ទូក ដោយលោកបានមានមតិផ្តាំផ្ញើដល់កីឡាករ ចំណុះទូកនិមួយៗ ត្រូវ ប្រកាន់ភ្ជាប់នូវវិន័យ និងលក្ខណន្តិកៈនៃការប្រកួត ការប្រកួតជាលក្ខណៈប្រពៃណី ការឈ្នះឬចាញ់ជារឿងធម្មតាទេ តែធ្វើយ៉ាងណាត្រូវប្រឹងប្រែង អោយអស់លទ្ធភាព ក្នុងរយៈពេល២ថ្ងៃនេះ ហើយការប្រកួតនេះក៍ ដើម្បីជ្រើសរើសយកទូក ដែលមានល្បឿនលឿន ទៅប្រកួតប្រជែងជាមួយបណ្តាទូកនានា មកពីបណ្តាខេត្តផ្សេងៗទៀត នៅរាជធានីភ្នំពេញពេលខាងមុខនេះ។

នាយឧត្តមសេនីយ៍បានបន្តថា ពីធីនេះធ្វើឡើង ដើម្បីរំលឹកដល់បុព្វបុរសខ្មែរយើង ដែលរក្សាបាននូវបូរណភាពទឹកដី បង្ក្រាបបានរាល់សង្គ្រាមឈ្លាន ពាននៃបច្ចាមិត្រ ដែលមានបំណងដណ្ដើមយកនូវសម្បត្តិជាតិ ដូនតាយើងមានកងទ័ពជាច្រើនផ្នែក ពិសេសគឺកងទ័ពជើងទឹកនេះឯង។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បាននាំយកថវិការបស់សម្តេចក្រឡាហោម និងវិកាផ្ទាល់របស់លោកផ្ទាល់ ចូលរួមឧបត្ថម្ភផងដែរ។

សូមជម្រាបថា ពីធីនេះមានប្រជាពលរដ្ឋ មកពីបណ្តាស្រុកទូទាំងខេត្ត មកចូលរួមទស្សនាយ៉ាងច្រើនកុះករ បានបង្ករភាពសប្បាយរីករាយ និងការជួបជុំគ្នា បង្កើតនូវភាពស្និទ្ធស្នាលរវាងកីឡាករផង និងអ្នកទស្សនាផង៕