(កំពង់ស្ពឺ)៖ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅមុននេះបន្តិច ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ត្រូវប្ដូរទិសដៅទៅផ្លូវជាតិលេខ៣វិញ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង ដែលហូរកាត់ផ្លូវជាតិលេខ៤ នៅតែបន្តហូរខ្លាំងដដែល។

លោក ហុង ចាន់សុខា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្លងកាត់តាមភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល និងឆ្លងកាត់តាមឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើមិនមានការចាំបាច់ទេ សូមមេត្ដាប្ដូរការធ្វើដំណើរ ទៅតាមផ្លូវជាតិលេខ៣វិញ ពិសេសគឺរថយន្តធំៗ។  

សូមជម្រាបថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអូវែង ឃុំមហាសាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះរថយន្តធំៗ ដោយសារស្ថានភាពទឹកជំនន់ នៅតែហូរកាត់ខ្លាំងមិនទាន់ស្រុតចុះនៅឡើយ ហើយកម្លាំងអាវុធហត្ថខេត្តបានដាក់ពង្រាយតាមផ្លូវ ដើម្បីការពារសុវត្តិភាពជូនម្ចាស់រថយន្ត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង៕