(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតក្បែរទំនប់ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយឃាត់ជនសង្ស័យចំនួន ៥នាក់ និងដកហូតទូរហ្គេមចំនួន ៤គ្រឿង។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្រ្កាប នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានដកហូតទូរហ្គេមចំនួន ៤គ្រឿង និងឃាត់ជនសង្ស័យចំនួន ៥នាក់ ក្នុងនោះមានម្នាក់ជាម្ចាស់ទីតាំងហ្គេមខាងលើ ដែលមានឈ្មោះ ចែយាយនី។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធក៏បានចុះណែនាំ និងបញ្ឈប់សកម្មភាពខុសច្បាប់ខាងលើរួចមកហើយ តែក្រោយមក ក៏នៅតែបើកឱ្យមានទៀត ទើបក្នុងការចុះបង្រ្កាបលើកនេះ កម្លាំងនគរបាលបានដកហូតទូរហ្គេម និងសម្ភារៈពាក់ព័ន្ធទាំងអស់ យកទៅរក្សាទុកនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីត្រៀមកម្ទេចចោលតែម្ដង៕