(ក្រចេះ)៖ ពិតជាគួរឲ្យតក់ស្លុត និងរន្ធត់យ៉ាងខ្លាំង ក្រោយពីអ្នកកាសែតចាស់វស្សាម្នាក់ និងជាទីប្រឹក្សាទទួលបន្ទុកផ្នែកព័ត៌មានភាសាអង់គ្លេសរបស់អង្គភាពព័ត៌មាន Fresh News ព្រមទាំងកំពុងបម្រើការងារនៅអង្គការ AEA លោក សេក បរិសុទ្ធ អាយុ៥០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅទឹកដីស្រុកសំបូរ ខេត្តក្រចេះ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ រហូតបាត់បង់ជីវិត។

លោក សេក បរិសុទ្ធ រួមដំណើរជាមួយបុគ្គលិក២នាក់ទៀត របស់លោក កំពុងធ្វើដំណើរទៅបំពេញបេសកកម្មការងារខេត្តរតនគិរី (លោកអង្គុយខាងមុខជាប់តៃកុង) ស្រាប់តែដល់ស្រុកសំបូរ ខេត្តក្រចេះ ក៏ជួបគ្រោះអកុសលតែម្តង។

អធិការនគរបាលស្រុកសំបូរ ខេត្តក្រចេះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣៥នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចអូរកណ្តៀរភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង។

មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង នៅពេលរថយន្តម៉ាកហ្វតពណ៌មាសពាក់ស្លាកលេខ​ OMG442002 របស់អង្គការ AEA ធ្វើដំណើរពីទិសត្បូងទៅជើងដល់ចំណុចកើតហេតុគេចក្មេងរត់ឆ្លងកាត់ផ្លូវ បណ្តាលអោយក្រឡាប់ បណ្តាលឲ្យលោក សេក បរិសុទ្ធ ដែលអង្គុយនៅខាងមុខ ជាប់ជាមួយតៃកុង គៀបជាប់ជាមួយរថយន្ត ស្លាប់ភ្លាមៗតែម្តង។ ដោយឡែកជនរងគ្រោះ២នាក់ទៀត មានស្រីម្នាក់អង្គុយពីក្រោយ បានរងរបួសធ្ងន់ស្រាល។

ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ លោកបានបញ្ជាឲ្យកម្លាំងនគរបាលទាំងថ្នាក់ស្នងការ ថ្នាក់អធិការ និងមូលដ្ឋានចុះទៅជួយអន្តរាគមន៍ហើយ ដោយជួយបញ្ជូនជនរងគ្រោះដែលរងរបួសទៅមន្ទីរពេទ្យ ហើយជួយរក្សា និងទុកដាក់សព ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក។

សូមបញ្ជាក់ថា លោក សេក បរិសុទ្ធ គឺជាគ្រូបង្រៀនអ្នកសារព័ត៌មាន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកក៏ធ្លាប់បានបង្រៀនវគ្គខ្លីៗ ដល់អ្នកកាសែតកម្ពុជាជាច្រើននាក់ផងដែរ។ សូមដួងវិញ្ញាណក្ខន្ធរបស់លោក ទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕