(ចាកាតា)៖ សារព័ត៌មានស៊ិនហួ ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី១៦ ខែតុលានេះ បានឲ្យដឹងថា ស្ពានយោលមួយខ្សែនៅជិត​រមណីដ្ឋានកោះ Bali ប្រទេសឥណ្ឌូនេស៊ី បានបាក់ស្រុតដួលរលំ នៅល្ងាចថ្ងៃអាទិត្យនេះ ដោយបានសម្លាប់មនុស្សចំនួន០៩នាក់ និងធ្វើឲ្យរបួសមនុស្សចំនួន៣០នាក់ផ្សេងទៀត។ នេះបើតាមការបញ្ជាក់ពី អ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho បានឲ្យដឹងយ៉ាងដូច្នេះ។

យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយជាបន្តបន្ទាប់ នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ស្ពានដែលបានបាក់ស្រុតនេះ គឺជាស្ពានមួយតភ្ជាប់ពីកោះ ​Nusa Lembongan ជាកោះតូចមួយ ទៅកាន់កោះ Nusa Ceningan នៅជិតនឹងរមណីដ្ឋានកោះ Bali នេះបើតាមសម្តីលោក Sutopo Purwo Nugroho អ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី។

​លោកបន្តថា ជនរងគ្រោះចំនួន០៨នាក់ ក្នុងចំណោម០៩នាក់ ដែលបានស្លាប់ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណហើយ។ ក្នុងចំណោមជនរងគ្រោះដែលស្លាប់ក្នុងនោះមានកុមារ០៣នាក់ផងដែរ ដែលមានអាយុចម្លោះពី០៣ ទៅ០៩ឆ្នាំ។ អ្នកនាំពាក្យបន្តទៀតថា មនុស្សចំនួន០២នាក់ ក្នុងចំណោមមនុស្សទទួលរងរបួស បានស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក​ Sutopo Purwo Nugroho បានបញ្ជាក់ដែរថា បើតាមសេចក្តីរាយការណ៍ដំបូងបានបង្ហាញថា មិនមានជនបរទេសនោះទេ ដែលស្ថិតនៅក្នុងចំណោមជនរងគ្រោះ៕