(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានផ្ញើសារចូលរួមអបអរសាទរ ចំពោះការបង្ហោះ យានអវកាស Shenzhou-11 ដែលនាំអវកាសយានិកចិនដំបូង ប្រកបដោយជោគជ័យ ទៅកាន់ទីអវកាស នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។

លោក ស៊ី ជីនពីង បានផ្ញើសារ ពីរដ្ឋ Goa នៃប្រទេសឥណ្ឌា ដែលជាកន្លែងលោកបានចូលរួម កិច្ចប្រជុំកំពូល BRICS ជាលើកទី០៨ ដើម្បីសម្តែងការអបអរសាទរ និងគារវកិច្ចចំពោះ អ្នកវិទ្យាសាស្រ្ត និងបុគ្គលិកទាំងអស់ ក៏ដូចជាអវកាសយានិក នៃប្រទេសចិន ដែលបានចូលរួមចំណែកនៅក្នុង ការសម្រេចជោគជ័យនៃបេសកម្មខាងលើ។

លើសពីនេះទៀត លោកប្រធានាធិបតី បានស្នើយ៉ាងទទូចដល់អ្នកចូលរួមទាំងអស់ ក្នុងបេសកម្ម នេះ ឲ្យបន្តការស្រាវជ្រាវរបស់ពួកគេបន្ថែមទៀត ហើយលោកបានលើកទឹកចិត្តពួកគេ ឲ្យសម្រេច បាននូវសមិទ្ធផលថ្មីបន្តបន្ទាប់ទៀត នៅក្នុងកម្មវិធីបញ្ជូនមនុស្សទៅកាន់ទីអវកាស ដែលនឹងធ្វើឲ្យ ប្រជាជនចិន បោះជំហានទៅមុខកាន់តែឆ្ងាយ នៅក្នុងការរុករកនៅទីអវកាស និងចូលរួមចំណែក ក្នុងស្ថាបនាប្រទេសចិន ឲ្យក្លាយជាមហាអំណាចមួយ នៃផ្នែកលំហអាកាសផងដែរ។

គួរបញ្ជាក់ដែរថា បេសកម្មនៃការធ្វើគន្លងគោចរទៅកាន់មន្ទីរពិសោធន៍អវកាស Tiangong-2 និងយានអាវកាស Shenzhou-11 នឹងក្លាយជាកំណត់ត្រាដំបូង ដែលអវកាសយានិកចិន នឹងស្ថិតនៅក្នុងគន្លងគោចរដែលមានរយៈពេល និងកម្ពស់ មធ្យម៕