(ភ្នំពេញ)៖ លោកស្រី ម៉ែន ​សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្ដីក្រោមឱវាទជាច្រើនរូប បានផ្តួចផ្ដើម​ធ្វើបុណ្យ​កឋិន​ទានសាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅកសាងទីសេនាសនៈ សម្រាប់ព្រះសង្ឃគង់​ និងស្នាក់​អាស្រ័យ នៅវត្ដលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំ​ពេញ​។

កម្មវិធីផ្ដើមបុណ្យនេះ បានប្រព្រឹត្ដទៅ នារសៀល​ថ្ងៃទី១៦ ខែតុលា ឆ្នំា២០១៦ ត្រូវនិងថ្ងៃ១៥កើត ខែអស្សុជ ឆ្នំាវកពុទ្ធសករាជ២៥៦០ ជួបជុំពុទ្ឋបរិស័ទ នៅវត្ដ​លង្កា​ព្រះកុសុ​មារាម ប្រារព្ឋក្រុងពាលី ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ដោយមានប្រារព្ឋបទនមស្សការព្រះរតនត្រៃ ចម្រើនព្រះបរិត្ត បន្ទប់មកនិមន្តសម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានធម័ទេសនា។

លុះព្រឹកឡើងថ្ងៃច័ន្ទ ១រោជ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨៖៣០នាទី ដង្ហែអង្គកឋិនទាន ប្រទក្សិណព្រះវិហារ ៣ជុំ រួចវេប្រគេនព្រះភិក្ខុសង្ឃ ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។

​លោកស្រី​ម៉ែន​សំអន បានលើកឡើងក្នុងអង្គកឋិនទាននេះថា អង្គកឋិនទាន កើតឡើង ពីសទ្ធាជ្រះថា្ល ពីពុទ្ធបរិសទ័ជិតឆ្ងាយ ដើម្បីប្រមូលបច្ច័យ យកទៅកសាងវត្ដ ដែលមានការខ្វះខាតខ្លំាង និងក្រក្សត់ជាងគេ។

នៅក្នុងពិធីអង្គកឋិនទាននេះលោកស្រី​ ម៉ែន សំអន ក៍បានប្រសិទ្ធធិពរជយ័ដល់ ពុទ្ធបរិសទ័ ដែលមានសទ្ធាជ្រះថ្លាចូលរួមថវិកា ក្នុងអង្គ​កឋិន​ទាននេះដើម្បីចូលរួមកសាងសមិទ្ធផលនានានៅវត្ដលង្កា​ព្រះកុសុ​មារាម ស្ថិតក្នុង​​សង្កាត់​​បឹងកេងកងទី១ខណ្ឌចំការមន ដើម្បីដម្កល មហាកុសលផលបុណ្យ​ ទៅអនា​គតជាតិ។

លោកស្រី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចំរើនយ៉ាងខ្លាំង ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ទើបប្រជាពលរដ្ឋមានឱកាស បានរៀបចំពិធីបុណ្យកឋិនទាន និងសូមអនុមោទនាទទួលកុសលផលបុណ្យ ពីអង្គកឋិនទាននេះគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅរដូវកឋិនដែលមានរយៈកាល ២៩ថ្ងៃ ដោយគិតពីថ្ងៃ១រោច ខែអស្សុជ ដល់១៥កើត ខែកត្តិក ហើយអាចយកសំពត់ដែលល្មមកាត់ដែរធ្វើជាស្បង់ ឬចីពរឬក៏សង្ឃដីបានទៅវេរ ចំពោះព្រះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់ត្រីមាស៕