(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជា‌ ឱ្យកសាងស្នាដៃជាយុវជនគំរូ ដើម្បីកិត្តិយស‌ និងកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិ ជាពិសេស ត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នា ក្នុងតំបន់អាស៊ាន និងជប៉ុន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ មុនចាកចេញទៅបំពេញ បេសកម្មនៅបរទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ និងមោទនភាពចំពោះយុវជនកម្ពុជា របស់យុវជនកម្ពុជា២៩នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន» ដែលមានរយៈពេល៥២ថ្ងៃ ចាប់តំាងពីថ្ងៃទី ២៥តុលា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

សម្តេចតេជោ បានបញ្ជាក់ប្រាប់ក្រុមប្រតិភូយុវជនកម្ពុជា អំពីមូលហេតុដែលកម្ពុជាចូលជាសមាជិកអាស៊ាន ទី១ ដោយសារគោលការណ៍មិន ជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង, ទី២ ស្មារតីសហគមន៍ មានន័យថា សមាជិកអាស៊ានទំាងអស់មាន ភាពស្នើភាពនិងស្មើសិទ្ឋ ទី៣ ការជំរុញកំណើរសេដ្ឋកិច្ចនិងការកសាងសង្គមដែលយើងអាចទាញបានអំពី សមាគមអាស៊ាននេះ និងចំណុចទី៤ដែលជាកត្តាសំខាន់ គឺច្រកការទូតរបស់កម្ពុជាទៅកាន់បរទេស។

គួរបញ្ជាក់ថា កម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣»នេះ ប្រតិភូយុវជនទាំង១១ប្រទេស នឹងធ្វើដំណើរទៅជួបជុំគ្នា នៅប្រទេសជប៉ុន‌‌ បន្ទាប់មកធ្វើដំណើរតាមនាវា ដោយមានកម្មវិធី ជាច្រើន ឆ្លងកាត់ ប្រទេសអាស៊ានដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី និងត្រឡប់ទៅបញ្ចប់កម្មវិធីនៅប្រទេសជប៉ុនវិញ៕