(ភ្នំពេញ)៖ ដើម្បីប្រកួតប្រជែងនឹងទីផ្សារការងារ នៅក្នុងសម័យសកលភាវូបនីយកម្មនេះ សហគ្រាសជាច្រើន មិនត្រឹមតែទាមទារ ឲ្យមានបុគ្គលិកដែលប្រកបដោយសក្តានុពល សមត្ថភាព និងជំនាញច្បាស់លាស់ប៉ុណ្ណោះទេ តែចាំបាច់ត្រូវការជំនាញ Soft Skill។ យ៉ាងណាមិញ នេះហាក់ដូចជាការចាប់ឆ្នោតផ្សងសំណាង ដែលពេលខ្លះ ចាប់ត្រូវ បានល្អ ហើយពេលខ្លះ ចាប់ខុស គឺឈឺក្បាលតែម្តង។ ជាក់ស្តែង ដោយមានបុគ្គលិកមួយចំនួន មានតែសញ្ញាបត្រ ប៉ុន្តែគ្មានសញ្ញាឃើញ គឺមិនមានជំនាញពិតប្រាកដ ឬមានជំនាញ ប៉ុន្តែមិនមានឥរិយាបថសមរម្យ ខ្វះការទំនាក់ទំនងល្អ ក្នុងសង្គមជាដើម ពោលគឺ ខ្វះជំនាញ Soft Skill។

យោងតាមកត្តាប្រឈមទាំងនេះហើយ ដែលជំរុញឲ្យមានការចុះអនុសារណយោគយល់(MOU) ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ រវាងសហគ្រាសធំៗ ចំនួន៩ ជាមួយវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ក្នុងគោលបំណងដើម្បីយកនិសិ្សត ទៅធ្វើការនៅក្នុងសហគ្រាសទាំងនេះ។ សហគ្រាសធំៗ ចំនួន៩ ទាំងនោះ រួមមាន ទី១ សហគ្រាស ជីបម៉ុង ដែលមានក្រុមហ៊ុនជាចំនុះ ដូចជា ជីប ម៉ុង ខនគ្រីត,ជីប ម៉ុង ឡេន, ក្រុមហ៊ុន KHB ជាដើម។ ទី២ ក្រុមហ៊ុន ថ្នាំពណ៌ជាតិ Cam-Paint ទី៣ ក្រុមហ៊ុន Green Eagle ទី៤ ក្រុមហ៊ុន Ggear Co., Ltd. ដែលយកផលិតផល LG នៅលើទីផ្សារកម្ពុជា ទី៥ ក្រុមហ៊ុន PCG Partner ទី៦ ក្រុមហ៊ុន Lotus Green team  ទី៧ ក្រុមហ៊ុន 21st Century ជាក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា ទី៨ ក្លិបអ្នកវិនិយោគកម្ពុជា CIC និងទី៩ ដែលពិសេសជាងនេះទៅទៀត គឺវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ មានទំនាក់ទំនងសំខាន់ជាមួយ សមាគមន៍ សហគ្រិនវ័យក្មេងកម្ពុជា ផងដែរ។ 

អ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្សជាង២០ឆ្នាំ និងនាយកវិទ្យាស្ថាន សិក្សាដើម្បីជោគជ័យ លោក ឃីម សុខហេង បានអោយដឹងថា វិទ្យាស្ថានលោកយល់ច្បាស់ពីតម្រូវការរបស់ម្ចាស់ក្រុមហ៊ុន  គឺម្ចាស់ក្រុមហ៊ុនគាត់ត្រូវការទំនុកចិត្ត និងភាពជឿជាក់ពីអតិថិជន ហើយគាត់ចង់បានផលិតភាពការងារ។ ដូច្នេះ វិទ្យាស្ថានលោក ផ្តោតសំខាន់ លើការបណ្តុះធនធានមនុស្ស ដែលធានាបាននូវ​ឥរិយាបថល្អ មានភាពជាអ្នកដឹកនាំ និងមានជំនាញច្បាស់លាស់។ លោក ឃីម សុខហេង បញ្ជាក់ផងដែរថា «ជាទស្សនវិស័យរបស់វិទ្យាស្ថាន គឺយើងបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា អោយក្លាយជាអ្នកដឹកនាំ ប្រកបដោយសក្តានុពល ទាំងចំនេះដឹង ចំនេះធ្វើ ជំនាញពិតប្រាកដ និងទំនាក់ទំនងសង្គម បរិស្ថានល្អ។ ដូច្នេះការចុះអនុសារណយោគយល់ថ្ងៃនេះ ជាសក្តីភាពនៃការបង្ហាញពីគុណភាពអប់រំរបស់ស្ថាប័នយើង និងការផ្តល់ឱកាស​ការងារដល់​រាល់សិស្សនិស្សិត ដែលឈានជើងចូលដល់វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ»

អ្នកជំនាញជោគជ័យវ័យក្មេងមួយរូប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ 21st Century បានអោយដឹងថា កត្តាដែលធ្វើក្រុមហ៊ុនមួយជោគជ័យបាន គឺទាមទារអោយការ​សហការគ្នាល្អ ពីក្រុមការងារ។ ដូច្នេះការទទួលបានបុគ្គលិកដែលមានទាំងជំនាញច្បាស់លាស់ និងឥរិយាបថល្អ គឺជាចំនុចសំខាន់បំផុត។ ហើយនេះជាមូលហេតុ​ដែលលោកចុះអនុសារ​ណយោគ​យល់នៅថ្ងៃនេះ។ គួររម្លឹងផងដែរថា វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ មានជំនាញបណ្តុះបណ្តាលធនធាន ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងទីផ្សារការងារបច្ចុប្បន្ន។ ជាងនេះទៅទៀត វិទ្យាស្ថាននេះ ទទួលជោគជ័យក្នុងការផ្គត់ផ្គង់បុគ្គលិកឆ្នើម  ដែលជាសិស្សនិស្សិតរបស់វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ កន្លងមក៕