(ហាណូយ)៖ ខណៈប្រទេសវៀតណាមកំពុងប្រឈមនឹងគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលបង្កឡើងដោយភ្លៀង ធ្លាក់ខ្លំាងនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈមណ្ឌលជាតិព្យាករណ៍អាកាសធាតុទីក្រុងហាណូយបាន ឱ្យដឹងថាព្យុះទីហ្វុងសារិកានឹងវាយប្រហារមកលើទឹកដីវៀតណាមនៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរនៅយប់ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។

មជ្ឈមណ្ឌលដដែល បានបញ្ជាក់ទៀតថា ព្យុះទីហ្វុងសារិកាបក់បោកក្នុងល្បឿនខ្យល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង នឹងធ្វើដំណើរឆ្ពោះទៅកាន់ឈូងសមុទ្រ Beibu​ និង អាចបង្កជាគ្រោះរអិលបាក់ដី ក៏ដូចជាវាយប្រហារ មកលើតំបន់ដីគោកនៅថ្ងៃពុធ។ មួយវិញទៀតព្យុះទីហ្វុងនេះ ត្រូវបានគេរំពឹងថានឹងបក់បោកទៅកាន់ខេត្តជាប់ ឆ្នេរសមុទ្រ Quang Ninh និង ខេត្ត Nam Dinh ដោយនំាមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លំាង ដែលនឹងធ្វើឱ្យ កម្ពស់ទឹកកើនឡើងពី ២០០ ទៅ៣០០ មីលីម៉ែត្រ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះអាជ្ញាធរ វៀតណាម បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹក ជំនន់ដ៏ធ្ងន់ធ្ងរ នៅតាមតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម បានកើនឡើងដល់ ២៥នាក់ហើយ។ រីឯលំនៅឋាន២៥ខ្នង បានដួលរលំ និង៩៤៩ខ្នង បានទទួលរងការខូចខាត ខណៈផ្ទះចំនួន១២១,២៨៧ខ្នង ផ្សេងទៀតត្រូវបានជន់លិច។ បន្ថែមពីនេះវាលស្រែទំហំ ៣,១៣៨ហិកតា, ផ្ទៃដីចម្ការទំហំ ១១,៥៣៤ហិកតា ហើយនិងផ្ទៃដីវារីវប្បកម្មទំហំ ៤,៥៨៨ហិកតា ក៏បានលិចលង់ដោយសារតែទឹកជំនន់ផងដែរ៕