(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះថា កម្ពុជាមិនមានច្បាប់ឱ្យជាប់ពន្ធនាគារជំនួសនៅទេ ហើយការអនុវត្តទោសត្រូវធ្វើចំពោះបុគ្គលជាចារី អ្នកសមគំនិត អ្នកផ្តើមគំនិត ដែលជាទណ្ឌិតដោយផ្ទាល់។

ការអះអាងរបស់ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ បានធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស បានលើកឡើងនាថ្មីៗនេះថា លោកសុខចិត្តជាប់ពន្ធនាគារជំនួសសកម្មជន និងមន្រ្តីរបស់លោកដែលកំពុងជាប់នៅពន្ធនាគារព្រៃសនាពេលនេះ បើសិនជាគណបក្សកាន់អំណាច និងតុលាការយល់ព្រម។

លោក លី សុផាណា បន្តថា «ពន្ធនាគារឬមណ្ឌលអប់រំកែប្រែជាកន្លែងសម្រាប់អនុវត្តទោសទៅលើទណ្ឌិត និងសម្រាប់អប់រំកែប្រែជនទាំងនេះដើម្បី ធ្វើសមាហរណកម្មទៅក្នុងសង្គម ក្រោយពីអនុវត្តទោសរួចជាស្ថាពរ។ ការអនុវត្តទោសត្រូវធ្វើចំពោះបុគ្គលជាចារី អ្នកសមគំនិត អ្នកផ្តើមគំនិត ដែលជា ទណ្ឌិតដោយផ្ទាល់និងមិនអាចជំនួសបាន។ ពន្ធនាគារនេះក៏ជាទីកន្លែងសម្រាប់អនុវត្តនូវការឃុំខ្លួនលើជនត្រូវចោទ ឬជនជាប់ចោទ ឬពិរុទ្ធជនដែលត្រូវបានចោទប្រកាន់ ឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយមិនអាចជំនួសដោយបុគ្គលដទៃនោះឡើយ»

នៅក្នុងឱកាសចុះសួរសុខទុក្ខ សកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់នៅក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ នាំនូវការថ្លែងរបស់ លោក សម រង្ស៉ី ប្រាប់ទៅសកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ អំពីបំណងរបស់គាត់ដែលចង់ជាប់ពន្ធនាគារជំនួសពួកគេ។

លោក យឹម សុវណ្ណ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់បញ្ចប់ការសួរសុខទុក្ខនេះថា «ខ្ញុំក៏បានជំរាបជូនពួកគាត់ដែរ អំពីដំណោះស្រាយមួយដែល លោកប្រធាន សម រង្ស៊ី បានមានប្រសាសន៍ នៅក្នុង Page របស់គាត់ ដោយគាត់សុខចិត្តចូលពន្ធនាគារជំនួសអ្នកទាំងអស់គ្នាធ្វើយ៉ាងម៉េច ឱ្យតែធ្វើយ៉ាងម៉េច ឲ្យគណបក្សកាន់អំណាច តុលាការហ្នឹង គេសុខចិត្តដោះ គឺគាត់សុខចិត្តចូលជំនួស»

លោក យឹម សុវណ្ណ បានបន្ថែមថា «ប៉ុន្តែឥឡូវ ប្អូនៗ យុវជន ក៏ដូចជាបងប្អូនដែលរងទុក្ខទាំងប៉ុន្មានហ្នឹង គាត់ថា “ទេ” សូមឱ្យលោកប្រធានពិចារណា រឿងនេះឡើងវិញ ព្រោះលោកប្រធាននៅខាងក្រៅ អាចធ្វើការងារបានច្រើន ចំណែកពួកគាត់តស៊ូអត់ធ្មត់ នៅក្នុងពន្ធនាគារនេះរហូតទាល់តែមានដំណោះស្រាយ»

សូមបញ្ជាក់ថា លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍លើ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ ពេលនេះ លោកក៏កំពុងញ៉ាំញីដោយពាក្យបណ្តឹង ដោយសារតែការចោទប្រកាន់ ទៅបុគ្គលមួយចំនួននៅជួររាជរដ្ឋាភិបាល ក្នុងនោះមានបណ្តឹងបរិហារកេរ្តិ៍លើ សម្តេច ហេង សំរិន, បណ្តឹងបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាបណ្តឹង មួយផ្សេងទៀត ពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែង បំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ ជាដើម៕