(ត្បូងឃ្មុំ)៖ មនុស្សចាស់គឺជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ នេះគឺជាការថ្លែងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជា​ ដើម្បីមនុស្សចាស់ ក្នុងឱកាដអញ្ជើញជាអធិបតីភាពក្នុងខួបលើកទី១៨ ទិវាមនុស្សចស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ដែល​ជាយន្តការដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍ សុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ» នាព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០១៦ នៅ​សាលា​ខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។

លោករដ្ឋមន្រ្តី បានលើកឡើងថា ទិវានេះគឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង​លើក​កម្ពស់កិច្ចគាំពារឲ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យបាន​ល្អប្រសើរ និងបង្ហាញ​ឲ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្សចាស់ក្នុងសង្គមជាតិ។

លោក វង សូត បានបញ្ជាក់​ទៀតថា វិស័យ​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បាន​សម្រេច​នូវ​សមិទ្ធផលថ្មីៗជាច្រើន ដើម្បីរួមចំណែកក្នុងការ​អនុវត្ត​គោលនយោបាយសង្គមកិច្ច សំដៅបង្កើនសេវា​សាធារ​ណៈ​ជួយដល់ក្រុមជនរង​គ្រោះ និងងាយរងគ្រោះក្នុងសង្គម។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា​ ដើម្បីមនុស្សចាស់ តែងតែផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោស​ប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់លោកតាលោកយាយ អ៊ុំ មា មីង និងជនរួមជាតិទាំងអស់ ជាពិសេសគឺបានដាក់ចេញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបាន​បង្កើតយន្តការជាច្រើន ដើម្បី​បង្កើនប្រសិទ្ធភាពនៃការផ្តល់របបគោលនយោបាយ សម្រាប់សេវាសង្គមកិច្ច​ចំពោះ​ជនចាស់ជរា។​

នៅក្នុងឱកាសនោះ លោក វង សូត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្ស​ចាស់ ដោយរៀបចំឲ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្តៅ​លើ​ប្រព័ន្ធសេវា សម្រាប់មនុស្សចាស់របស់យើង។

សូមជម្រាបដែរថា តាមការស្រាវជ្រាវនៅឆ្នាំ២០១៣ មនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងមានចំនួន​ប្រមាណ ១.១លាននាក់ ស្មើនឹង ៧.៦ភាគរយ នៃចំនួនប្រជាជនសរុប ហើយនៅឆ្នាំ២០៣០ មនុស្សចាស់នៅ​កម្ពុជានឹងកើនឡើងប្រមាណ ១.៧លាននាក់ ស្មើនឹង ១១ភាគរយ នៃចំនួនប្រជាជនសរុប៕