(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា តែងតែធ្វើបានល្អជានិច្ចពេលប៉ះក្រុម នៅក្នុងទ្វីបអាស៊ីដូចគ្នា ប្រ៊ុយណេ ពោលគឺធ្លាប់លេងឈ្នះរហូតដល់ទៅ ៤ដង និងចាញ់១ដង មិនដែលស្មើ ពីប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ គិតត្រឹមឆ្នាំ ២០០៨ មក មុនប៉ះគ្នាជាថ្មីនៅម៉ោង ៦៖៣០នាទីល្ងាចនៅស្តាតអូឡាំពិក ក្នុងវគ្គជម្រុះពានអាស៊ាន AFF Suzuki Cup 2016។

ទាំងក្រុមគោព្រៃកម្ពុជា និងប្រ៊ុយណេ សុទ្ធតែរកបាន៣ពិន្ទុក្នុងដៃដូចគ្នា កាលពីថ្ងៃបើកឆាក AFF Suzuki Cup 2016 កាលពីថ្ងៃទី១៥ តុលា ក្រោមលទ្ធផលបច្ចេកទេស ២-១ ដូចគ្នាទៅលើក្រុមជម្រើសជាតិឡាវ និងទីម័រខាងកើត គ្រាន់តែ កម្ពុជា មានភាពត្រដាបត្រដួសជាងបន្តិច ខណៈដែលប្រ៊ុយណេ បានធ្វើការវាយបក ឈ្នះទីម័រវិញ ២-១ ក្នុងវគ្គទី១ បន្ទាប់ពីទីម័របានធ្វើការនាំមុខ ១គ្រាប់មុនតាំងពីចាប់ផ្តើមលេងបាន១០នាទីដំបូង។

តែយ៉ាងណាក៏ដោយ ផ្អែកទៅតាមទម្រង់លេង ក្នុងនាមជាម្ចាស់ផ្ទះ និងអ្នកគាំទ្រសន្ធឹកសន្ធាប់ផងនោះ កម្ពុជានៅតែមានសង្ឃឹមយកឈ្នះប្រ៊ុយណេ និងបន្ថែម៣ពិន្ទុ ដើម្បីឡើងទៅឈរនៅកំពូល បណ្តោះអាសន្នរាត្រីនេះ មុនពេលទៅជួប ទីម័រខាងកើតនៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ជាកិច្ចបញ្ចប់ ក្នុងចំណោម ៤ប្រទេសមាន ឡាវ ប្រ៊ុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា។

គ្រាប់បាល់ជ័យជំនះរបស់កម្ពុជា ៤ប្រកួតពេលជួបប្រ៊ុយណេនាពេលកន្លងមកគឺក្រោមលទ្ធផល ៦-១ ១-០ ៣-០ និង ២-១ មិនដែលស្មើ និងធ្លាប់ចាញ់តែម្តងគត់ ដោយលទ្ធផល ៣-២ ក្នុងទឹកដីកណ្តាលកាលពីឆ្នាំ ២០១២៕