(កំពង់ស្ពឺ)៖ ជំនន់ទឹកភ្លៀងដែលបង្កឡើងចាប់តាំងពីថ្ងៃទី០២ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើឲ្យប៉ះពាល់ស្រូវប្រជាកសិករក្នុងខេត្តកំពង់ស្ពឺ ៤,៧៧៦ហិកតា ក្នុងនោះខូចខាតទាំងស្រុងប្រមាណ ៣១៦ហិកតា។ ស្រូវដែលប៉ះពាល់នេះ ស្ថិតក្នុងស្រុកគងពិសី សំរោងទង និងភ្នំស្រួច។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានចុះទៅពិនិត្យស្ថានភាពស្រូវប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយផ្ទាល់ ព្រមទាំងដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនសម្រាប់ជួយប្រជាពលរដ្ឋបង្កបង្កើនផលឡើងវិញក្រោយពេលទឹកស្រកផងដែរ។

លោក វេង សាខុន បានចាត់ចែងឲ្យទម្លាក់ពូជស្រូវទៅមន្ទីរកសិកម្មខេត្ត និងបែងចែកទៅតាមស្រុករងផលប៉ះពាល់ ហើយត្រូវសាបសំណាបប្រមូលផ្តុំ ទុកចែកជូនប្រជាពលរដ្ឋដាំដុះឡើងវិញ ហើយកន្លែងដែលប្រជាពលរដ្ឋមានដីសម្រាប់សាបសំណាប គឺចែកជូនពូជស្រូវតែម្តង។

លោក វេង សាខុន ក៏ណែនាំឲ្យមន្រ្តីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺចុះចាត់ចែងឲ្យប្រជាពលរដ្ឋដាំដំណាំរួមផ្សំផ្សេង ក្រោយទឹកសម្រកផងដែរ ដើម្បីបន្ថែមចំណូលផ្គត់ផ្គង់ជីវភាព។

លោក វេង សាខុន បានឲ្យដឹងថា ការធ្វើស្រូវវស្សានៅក្នុងខេត្តកំពង់ស្ពឺ បានបិទបញ្ចប់ហើយក្នុងនោះ ស្រូវដែលបង្កបង្កើនផលរួចមានចំនួន ១១៥,១០៦ហិកតា ស្មើ ១០១ភាគរយ នៃផែនការកំណត់។

សូមបញ្ជាក់ថា ស្រុកមួយចំនួនក្នុងខេត្តកំពង់ស្ពឺ បានជួបនូវការជនលិចដោយជំនន់ទឹកភ្លៀង អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយសារជំនន់ទឹកធ្លាក់ពីស្ទឹងព្រែកត្នោត និងភ្នំឱរ៉ាល់។ ជំនន់នេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋ ផ្ទះប្រជាពលរដ្ឋមួយចំនួនធំ ក៏ត្រូវជន់លិច ធ្វើឲ្យខូចទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំផងដែរ៕