(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូ ជាថ្នាក់ដឹកនាំនៃសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រថៃ នៅស្ថានទូតថៃប្រចាំកម្ពុជា។

បន្ថែមពីនេះ លោកបានបញ្ជាក់ នៅលើទំព័រ Facebook Page ផ្លូវការរបស់លោកថា «​ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនខ្មែរ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ថ្វាយព្រះរាជវង្សានុវង្ស និងជូនប្រជាជននៃព្រះរាជាណាចក្រថៃ ចំពោះការសោយទីវង្គតរបស់ព្រះករុណព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់បំផុតនៃប្រទេសថៃ កាលពីថ្ងៃទី ១៣ តុលា ២០១៦។ សូមដួងព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បានយាងទៅកាន់សុគតិភព»

​សូមបញ្ជាក់ថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃ ស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល១ឆ្នាំ៕