(ចិន)៖ ក្នុងដំណើរទស្សនកិច្ចចូលរួម ពិពរណ៌ទេសចរណ៍ ចិន-អាស៊ាន លើកទី២ នៅទីក្រុងទេសចរណ៍ Guilin ខេត្តGuanxi ប្រទេសចិន ដែលត្រូវចាប់ផ្តើម ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ តុលានេះ​ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងប្រតិភូ​វិស័យរដ្ឋ-ឯកជន សរុប១៧រូប បានបន្តដំណើរពីទីក្រុង ក្វាងចូវ ទៅកាន់​ទីក្រុង Guilin តាមរថភ្លើងល្បឿនលឿន (CRH -China Railways High speed) ដោយចំណាយ ពេលវេលា​តែជាង ២​ម៉ោង​ប៉ុណ្ណោះ ក្នុងពេលដែល​ការធ្វើដំណើរ តាម​យន្តហោះ (​ទោះបីរយៈពេលហោះហើរ ខ្លីតែជិត​១ម៉ោង​) តែត្រូវរង់ចាំ អស់រយៈពេល ប្រមាណ​៥ម៉ោង ទើបអាចមានជើងហោះតភ្ជាប់។

ក្នុងនោះ លោករដ្ឋមន្ដ្រី ថោង ខុន បានឲ្យដឹងថា ​នៅប្រទេសចិនបច្ចុប្បន្ន ការធ្វើដំណើរតាមរថភ្លើង តភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយ មានការងាយស្រួលច្រើន ថ្លៃធ្វើដំណើរថោក មិនចំណាយពេលវេលាច្រើន ពោលគឺអាចនិយាយបានថា មានភាពងាយស្រួល ជាងការធ្វើដំណើរតាម ជើងយន្ដហោះ ដោយចំណាយពេលវេលាតិច និងមានផាសុខភាព។

សូមបញ្ជាក់ថា ពិពណ៌ទេសចរណ៍ ចិន-អាស៊ាន បានត្រូវរៀបចំឡើងលើកទី១ នៅឆ្នាំ​២០១៥ (នៅក្រុងទេសចរណ៍ Guilin ខេត្តGuanxi ប្រទេសចិន) ហើយ​ឆ្នាំ​២០១៦​នេះ គឺជាលើកទី២ ដែលក្នុងព្រឹត្តិការណ៍នេះ កម្ពុជា​ត្រូវបានផ្តល់កិត្តិយស ជាភ្ញៀវកិត្តិយស (Guest Country Of Honor) ក្នុងការថ្លែងសុន្ទរកថា បើកសិក្ខាសាលា និងបើកពិពរណ៌ទេសចរណ៍អន្តរជាតិនេះ ក្នុងពេល​ដែលប្រទេស Brunei ត្រូវបានផ្តល់កិត្តិយស កាលពីលើកទីមួយ​ ឆ្នាំ២០១៥៕