(ក្រចេះ)៖ សត្វក្របីញី ឈ្មោលតូចធំចំនួន៨ក្បាល ត្រូវបាននគរបាល ប្រគល់ទៅឲ្យម្ចាស់ដើមវិញ នៅថ្ងៃទី១៩ តុលា បន្ទាប់ពីមានការបង្រ្កាបទប់ស្កាត់ អំពើរលួចទាន់ពេល បានរយៈពេលមួយថ្ងៃរួចមក។

លោកវរសេនីយ៍ទោ ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ក្របីទាំង នេះសុទ្ធតែមានម្ចាស់រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ហើយក៏ត្រូវបានជនល្មើស បានលួចដឹកកៀងទុកក្នុងព្រៃ ដើម្បីរកឱកាសដឹកចេញ។

បើតាមលោកអធិការស្រុកបានអះអាងថា បើទោះបីជានៅតំបន់ស្រុកព្រែកប្រសព្វ ស្ថានភាពភូមិសាស្រ្ត មានភាពស្មុគស្មាញបន្តិចយ៉ាងណាក្តី តែដើម្បីពង្រឹងកិច្ចការងារសន្តិសុខ ក្នុងមូលដ្ឋានឲ្យមានសុវត្ថិភាព ដូចទៅតាមទិសដៅផែនការ របស់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត លោកនិងបន្តដឹកនាំមន្រ្តី ដើម្បីអនុវត្តកិច្ចការងារពង្រឹងសន្តិសុខ ឲ្យទទួលបានជោគជ័យបន្ថែមទៀត៕