(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នឹងធ្វើសន្និសីទកាសែតមួួយ នាវេលាម៉ោង ៣៖០០រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ នៅការិយាល័យសិទ្ធិមនុស្ស អង្គសហប្រជាជាតិប្រចាំកម្ពុជា (OHCHR) មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ។

លោកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទសារព័ត៌មាន រៀបរាប់អំពីលទ្ធផលបំពេញបេសកកម្មលើកទី៣ នៅកម្ពុជារយៈពេល១០ថ្ងៃ មុននឹងធ្វើដំណើរចាកចេញពីកម្ពុជាវិញ​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។

ក្នុងអំឡុងពេលបំពេញបេសកកម្ម១០ថ្ងៃ នៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានជួបភាគីពាក់ព័ន្ធនានាដូចជា សមាជិករដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល​ និង សហគមន៍ ពលរដ្ឋផងដែរ ដើម្បីប្រមូលព័ត៌មានអំពីបញ្ហាសិទ្ធិមនុស្ស។

គួរបញ្ជាក់ផងដែរ លោកស្រី រ៉ូណា ស្មីត ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងជាអ្នកឃ្លាំមើល និងរាយការណ៍ពីបញ្ហាសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រី បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាជាផ្លូវការ លើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥។ កាលពីខែមីនា ឆ្នាំ២០១៦ អ្នករាយការណ៍ពិសេសរូបនេះ ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១០ថ្ងៃដែរ៕