(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពី​តុលាការ​កំពូល​ បានបើក​សវនាការ​សំណុំ​រឿង​លោក​ មាជ​ សុវណ្ណារ៉ា​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​ ចំពោះ​បណ្តឹង​សុំ​ចេញទៅក្រៅប្រទេសដើម្បីពិនិត្យជំងឺ តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​តុលាខាងមុខនេះ។

សូមជំរាបថា លោក​ មាជ​ សុវណ្ណារ៉ា​ ធ្លាប់​ស្នើ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ម្តង​រួច​មក​ហើយ​ ដើម្បី​ស្នើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ព្យាបាល​ជំងឺ​ តែ​ត្រូវ​បដិសេធ​ចោល​។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោកស្រី​ គឹម​ សត្ថាវី​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឈួន​ ចាន់ថា​ ជា​តំណាង​មហា​អយ្យការ​។

លោក​ មាជ​ សុវណ្ណារ៉ា​ ជាប់​ចោទ​ពី​បទ​ «ដឹកនាំ​កុបកម្ម​ និង​ អំពើ​ចូលរួម​ចលនា​កុបកម្ម​»​ ប្រព្រឹត្ត​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​ កាលពី​ថ្ងៃទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៤​។​ កន្លង​ទៅ​ លោក​ មាជ​ សុវណ្ណារ៉ា​ ធ្លាប់​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​រយៈពេល​២០ឆ្នាំ​រួច​មក​ហើយ​ចំពោះ​បទល្មើស​នេះ​៕​