(ភ្នំពេញ)៖ ភាពយន្តបែបកំប្លែងដ៏ល្បីល្បាញ នៅក្នុងប្រទេសថៃ «តៃកុងផ្តាច់ព្រលឹង»«Fast 888» បានមកបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជា ក្នុងថ្ងៃនេះហើយ ដោយបានរៀបចំបញ្ចាំង តាមបណ្ដា​រោងភាពយន្ត Legend គ្រប់សាខាផ្សារទំនើបទាំងអស់​ក្នុងក្រុងភ្នំពេញ ដើម្បីឲ្យអ្នកទស្សនា បានសើចកំសាន្តសប្បាយ ប្លែកអារម្មណ៍ ជាមួយនឹងរសជាតិថ្មី នៃភាពយន្តរបស់​ប្រទេសជិតខាង។

កញ្ញា Vorn Sothy ប្រធានទីផ្សារ​នៃរោងភាពយន្ត Legend មានថ្លែងបញ្ជាក់ថា រោងភាពយន្ត Legend បានសហការ​ជាមួយនឹង Sabay MDP នាំយកនូវខ្សែភាពយន្តល្អៗ មកបញ្ចាំងជូន ទស្សនិកជន ជាពិសេស Fan របស់រោងភាពយន្ត លេជេន ទាំងអស់ ដើម្បីកំសាន្តសប្បាយភ្នែក សើច បាត់អស់ទុក្ខ​កង្វល់។ ជាក់ស្ដែង​ថ្ងៃនេះ រោងភាពយន្ត Legend បាន​នាំយករឿង «តៃកុងផ្តាច់​ព្រលឹង»«Fast 888» មកបញ្ចាំង​ក្នុងរោងភាពយន្ត ហើយជឿជាក់ថា នឹងមិនធ្វើឲ្យ Fan ទាំងអស់ខកបំណង​ឡើយ ពេលបានចូល​ទស្សនា។

ប្រធានទីផ្សាររូបនេះ ក៏បានថ្លែងអំណរគុណ ដល់ Fan របស់រោងភាពយន្ត Legend ទាំងអស់ ដែលតែងតែ គាំទ្ររាល់សកម្មភាព​របស់រោងភាពយន្ត ជាពិសេសគាំទ្រនូវ ភាពយន្តខ្នាតធំ​ថ្មីៗ ដែលបានចាក់បញ្ចាំង​នាពេលកន្លងមក និង​ក្នុងពេលនេះ​។

ដោយឡែក​លោក សុខ សិរីសោភា ប្រធានទីផ្សារ​របស់ក្រុមហ៊ុន Sabay MDP បានបញ្ជាក់ថា ក្រុមហ៊ុនសប្បាយអឹមឌីភី បាននាំយកនូវខ្សែភាពយន្ត រឿង«តៃកុងផ្តាច់ព្រលឹង»«Fast 888» ពីប្រទេសថៃ ដើម្បីបញ្ចាំងក្នុងប្រទេសកម្ពុជា ព្រោះបើតាមដឹង គ្រាន់តែរឿងនេះ បញ្ចាំងនៅក្នុងប្រទេសថៃ តែរយៈពេល១សប្ដាហ៍​ប៉ុណ្ណោះ អាចរកចំណូល​បាន១០០លានបាត ទៅហើយ គឺឃើញថា មានការគាំទ្រយ៉ាង​ខ្លាំង។ រឿង ​«Fast 888» ជារឿងភាគទី២ បន្តពីរឿង «ព្រះតេជគុណ4G» ដែលទទួលបានការគាំ​ទ្រខ្លាំង ពេល​ដាក់បញ្ចាំង។

លោកបន្តថា រឿង «តៃកុងផ្តាច់ព្រលឹង»«Fast 888» ជាប្រភេទរឿងបែបកំប្លែង ក្នុងន័យអប់រំ ដល់អុ្នកបើកបរទាំងអស់ កុំបើកបរក្នុងភាពលេងសើច កុំប្រជែងគ្នា ព្រោះមានមនុស្សច្រើន ជិះក្នុងរថយន្ត ដែលកំពុងតែផ្ញើវាសនាលើខ្លួន។ តួសម្ដែងក្នុងរឿងនេះ ក៏មានអ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ច្រើនណាស់ដែរ។

យ៉ាងណាមិញ ប្រធានទីផ្សារ​រូបនេះ បានបង្ហាញក្ដីរំពឹងថា រឿង «តៃកុងផ្តាច់ព្រលឹង»«Fast 888» អាចនឹងមានអ្នកចូលទស្សនា ប្រមាណជាង​១០ម៉ឺននាក់ ព្រោះតែរឿងនេះ មានសារអប់រំច្រើន ជាងរឿងមុនៗ ជាពិសេសគឺអប់រំដល់តៃកុងឡាន ពេលបើកបរ​តែម្ដង៕