(ភ្នំពេញ)៖ ខណៈចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យសុខភាព ដោយឥតគិតថ្លៃ នៅថ្ងៃទី១៩ ខែតុលានេះ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវធ្លាក់ភ្លៀងនេះ ពិសេសបងប្អូននៅតាមជនបទ ទៅលើសត្វពស់ ត្រូវពិសារទឹកស្អាត និងដំាឲ្យពុះ ចម្អិនចំណីអាហារឲ្យបានត្រឹមត្រូវ សម្លៀកពាក់ឲ្យបានជិតៗ ត្រូវសម្អាតកាកសំណល់នៅជុំវិញផ្ទះឲ្យបានស្អាតជានិច្ច ដើម្បីជៀសផុតពីជំងឺ គ្រុនឈាម, អាសន្នរោគ (រាក) និងផ្ដាសាយជាដើម។

លោករដ្ឋមន្ដ្រីបានថ្លែងអំពាវនាវបែបនេះ ក្នុងកម្មវិធីលើកកម្ពស់ និងផ្តល់សេវាកម្មសុខភាពទូទៅ មានដូចជាពិនិត្យភ្នែក ច្រមុះ ត្រចៀក បំពង់ករ បេះដូង និងជំងឺផ្សេងៗទៀត ជូនប្រជាពលរដ្ឋជាង៦០០នាក់ របស់មន្ទីរពេទ្យព្រះអង្គឌួង ដោយឥតគិតថ្លៃ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោករដ្ឋមន្ដ្រីបន្ថែមទៀតថា «ក្នុងរដូវភ្លៀងធ្លាក់នេះ ក្រសួងសុខាភិបាល បានចាត់ឲ្យមន្ដ្រីគ្រប់លំដាប់ចុះចែកក្លរ ជូនប្រជាពលរដ្ឋ គ្រប់រាជធានីខេត្ដ ដើម្បីបង់ចូលពាង ធុងទឹក អាងទឹក កុំឲ្យមានដង្កូវទឹក តែបងប្អូនក៏ត្រូវតែមានអនាម័យ សម្អាតជុំវិញផ្ទះកុំឲ្យមានកំប៉ុង ឬកង់ឡាន ដែលអាចមានទឹកដក់ ដែលបណ្ដាឲ្យមានដង្កូវទឹក មូសខ្លាខាំ ពិសេសកំប៉ុងតែម្ដង គឺមុនចោលកំប៉ុងផ្សេងៗត្រូវតែចោះបាត កុំឲ្យមានទឹកដក់ឲ្យសោះ ហើយបើកង់ឡានដែលទុកចោល ត្រូវដាក់ខ្សាច់កុំឲ្យទឹកដក់ ចំពោះពាងទឹកវិញ ត្រូវសំអាតឲ្យបានញឹកញាប់ ព្រោះប្រជាពលរដ្ឋយើង យកទឹកភ្លៀងមកប្រើប្រាស់»

ទន្ទឹមនឹងនោះលោករដ្ឋមន្ដ្រី ក៏បានផ្ដំាដល់ប្រជាពលរដ្ឋទាំងអស់ថា មុននឹងបរិភោគអ្វីត្រូវតែពិនិត្យមើលកាលកំណត់ផង ហើយសម្រាប់បន្លែផ្លែឈើក៏ដូចគ្នា ត្រូវតែលាងសម្អាតឲ្យបានស្អាត កុំឲ្យមានករណីពុលអាហារដូចពេលថ្មីៗនេះ ពិសេស បើមានអាការៈពុល សូមបញ្ជូនមកមន្ទីរពេទ្យភ្លាមៗ ព្រោះពុលអាហារ បណ្ដាលឲ្យក្អួតចង្អោរតាមមាត់ ឬច្រមុះខា្លងជាងគេ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត បើពុលតិចតួច ត្រូវតែពិសាទឹកឲ្យបានច្រើន  ព្រោះវារាកអស់ជាតិទឹកច្រើន៕