(ភ្នំពេញ)៖ ក្រោយលេងឈ្នះ២ប្រកួតជាប់ៗគ្នាទៅលើក្រុមជម្រើសជាតិឡាវ និងប្រ៊ុយណេ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា សង្ឃឹមស្ទើរតែ ១០០ភាគរយឡើងទៅវគ្គចែកពូលនៃព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដែលនឹងធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា និងហ្វីលីពីន នាខែក្រោយនេះ។

ការយកឈ្នះក្រុមខ្លាំងឡាវ ២-១ នៅថ្ងៃបើកឆាក មុនមកបំបាក់ប្រ៊ុយណេ ៣-០ យប់មិញ នាំឲ្យកម្ពុជារកបាន៦ពិន្ទុ ពេញ ឈរនៅកំពូលតារាងបណ្តោះអាសន្ន ជាមួយនឹងសំណល់គ្រាប់បាល់៤គ្រាប់ ពីការស៊ុតបញ្ចូលទីគេបាន ៥គ្រាប់ និងរបូតវិញតែ១គ្រាប់ប៉ុណ្ណោះ មានសង្ឃឹមខ្ពស់ ទោះចាញ់ទីម័រថ្ងៃទី២១ តុលាក៏មិនបញ្ហាដែរ គ្រាដែលឡាវ ត្រូវជួបប្រ៊ុយណេ ក្នុងនាមជាក្រុមដែលទើបតែរកបាន៣ពិន្ទុដូចគ្នានោះ។

ក្នុងចំណោមទាំង ៤ក្រុមដែលលេងវគ្គជម្រុះ AFF Suzuki Cup 2016 មានឡាវ ប្រ៊ុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះ កម្ពុជា ជ្រើសរើសតែ១ក្រុម ដើម្បីទៅបង្រ្គប់វគ្គចែកពូលដែលកំពុងមាន៧ប្រទេសរង់ចាំមុននោះ កម្ពុជាឈរនៅចំណាត់ ថ្នាក់ខ្ពស់ជាងគេក្នុង FIFA Ranking របស់ពិភពលោកនាពេលបច្ចុប្បន្ន ដោយកម្ពុជាឈរនៅលេខរៀងទី១៧៣ ឡាវ លេខ១៧៦ ទីម័រខាងកើត លេខ១៨៣ និងប្រ៊ុយណេ ឈរនៅលេខ១៩៧។

ការជួបទល់នឹងក្រុមជម្រើសជាតិដែលចាញ់២ប្រកួតជាប់គ្នា ទីម័រខាងកើតនៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦ ខានស្អែកម៉ោង ៦៖៣០នាទីល្ងាច ក្រុមគោព្រៃកម្ពុជា មិនជាភ័យព្រួយអ្វីឡើយ ពោលគឺត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បី បញ្ចប់ក្តីសង្ឃឹមរបស់ឡាវ និងប្រ៊ុយណេ ដែលត្រូវប៉ះគ្នានៅពហុកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោននាម៉ោងដូចគ្នា។

កម្ពុជា ត្រូវឡើងទៅបង្រ្គប់ពូល B ដែលមាន៣ក្រុមកំពុងរង់ចាំស្រាប់មានដូចជា វៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ខណៈដែលពូល A មានថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន ដែលនឹងចាប់ផ្តើមប្រកួត សន្សំពិន្ទុ ចាប់ពីថ្ងៃទី១៩ វិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះហើយ៕