(ភ្នំពេញ)៖ ដោយសារការរីកចំរើនរបស់កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ បានជំរុញឲ្យពាណិជ្ជករថៃ ដែលមានក្រុមហ៊ុនជាលក្ខណៈ Franchise ចង់រកស៉ីជាមួយយពាណិជ្ជករកម្ពុជា។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ក្រុមហ៊ុនចំនួន៣៣របស់ថៃនឹងមកកម្ពុជា ដើម្បី​ស្វែងរក​ដៃគូ​ជាមួយ​ពាណិជ្ជករ​កម្ពុជា លក្ខណៈ Franchise។

លោក ជីរ៉ាវុទ្ធ អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំប្រទេសថៃបានថ្លែងប្រាប់ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី​​១៩ ខែតុលា ឆ្នាំ២០១៦នេះថា «យើងនឹងនាំពាណិជ្ជករថៃជា Franchise ធ្វើដំណើរមកកម្ពុជា​​មកជួបពិភាក្សាចរចាជាមួយអ្នកជំនួញកម្ពុជា ដែលជាការធ្វើពាណិជ្ជកម្មរវាងម្ចាស់ Franchise សហការជាមួយអ្នកទិញ Franchise នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ខាងមុខ»។

លោកបានបន្ដទៀតថា ប្រទេសថៃ បច្ចុប្បន្នគឺមានការអភិវឌ្ឍន៍យ៉ាងច្រើន ទៅលើមុខជំនួញជាលក្ខ​​ណៈ Franchise នេះ ហើយពាណិជ្ជករថៃ បានក្លាយជាម្ចាស់ Franchise ផងដែរ ដូច្នេះពួកគេពិតជាត្រូវការដៃគូ សហការជាមួយគ្នានៅប្រទេសកម្ពុជា។

លោកស្រី ណាក់ផា ផន សែងធានឆាយ ទីប្រឹក្សាគម្រោងអភិវឌ្ឍ Franchise ​​បាន​ឲ្យដឹងថា «ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំងណាស់ ដែលអគ្គនាយកដ្ឋានអភិវឌ្ឍន៍មុខជំនួញ បាននាំ​​យកនូវពាណិជ្ជករថៃ ដែលជាម្ចាស់ Franchise ដើម្បីមកធ្វើការចាប់ដៃគូជាមួយ ពាណិជ្ជករកម្ពុជា»។

លោស្រីបានបន្ដទៀតថា ការរៀបចំចាប់ដៃគូពាណិជ្ជកម្មកាលពីឆ្នាំកន្លងទៅ បានរៀបចំកម្មវិធីចាប់​​ដៃគូរវាងម្ចាស់ Franchise ថៃ និងអ្នកជំនួញកម្ពុជាម្ដងរួចទៅហើយ ដោយមានចំនួន​​២២ក្រុមហ៊ុនចូលរួម ហើយក្នុងឆ្នាំនេះ យើងបាននាំយកម្ចាស់ Franchise មកធ្វើការចាប់ដៃគូជា​​មួយប្រទេសកម្ពុជាជាថ្មីម្ដងទៀត ដោយមានម្ចាស់ Franchise កើនឡើងរហូតទៅដល់​​៣៣ក្រុមហ៊ុន។

លោកស្រីបានឲ្យដឹងទៀតថា ម្ចាស់ Franchise របស់ថៃចំនួន៣៣ក្រុមហ៊ុន ដែលនឹងចូលរួមកម្មវិធីនេះ ​​គឺមានម្ចាស់ Franchise ខាងទំនិញ ម្ហូបអាហារ និងភេសជ្ជៈចំនួន២១ក្រុមហ៊ុន និងម្ចាស់ Franchise ​​ជា​​ប្រភេទទំនិញចំនួន១២ក្រុមហ៊ុន។

សូមជម្រាបថា ការរៀបចំចាប់ដៃគូពាណិជ្ជកម្ម រវាងថៃ និងកម្ពុជា នឹងរៀបចំឡើងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ ​​នៅសណ្ឋាគារ​ សូហ្វីតែល ភូគីត្រា៕