(ស្វាយរៀង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិត ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំ៩កញ្ចប់ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

មន្ដ្រីរាជហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននេះ ទី១-ឈ្មោះ ហេង សុត្ថា អាយុ៣៣ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល និងទី២-ឈ្មោះ ទៀង ណាវី ភេទស្រី អាយុ៣១ឆ្នាំរស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ក្នុងនោះដែរ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ៩កញ្ចប់ ទូរសព្ទដៃ៤គ្រឿង ប្រាក់ខ្មែរ១០៥,០០០រៀល និងប្រាក់វៀតណាម ១,៧០០,០០០ ព្រមទាំងសម្ភារៈ មួយចំនួនទៀត។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននាំខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕