(កែប)៖ ជនដៃដល់ដែលប្លន់សម្លាប់ក្មេងស្រី យ៉ាងសាហាវឃោរឃៅ យកក្រវិលកាឡៃ តំលៃ២៥០០រៀល កាលពីថ្ងៃទី១៦ ខែតុលា នៅក្រុងកែប ខេត្តកែបនោះ ឥឡូវឈាមស្រែកស្បែកហៅ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលក្រុង និងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី អីុង សំអុល បាន ស្រាវជ្រាវឃាត់ខ្លួនបានហើយ នៅព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ ខណ:ជនសង្ស័យកំពុងធ្វើការងារសំណង់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។

មន្ត្រីនគរបាលជំនាញក្រុងកែប បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលប្លន់សម្លាប់ក្មេងស្រីរងគ្រោះនោះ ឈ្មោះ តេង ពឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង និងខេត្តកែប។

មន្ត្រីនគរបាលដដែលបានបន្តថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពប្លន់សម្លាប់ក្មេងស្រីអាយុ៧ឆ្នាំ គួរឱ្យអាណិតម្នាក់ ត្រូវបានសាច់ញាតិប្រទះឃើញអណ្ដែតស្លាប់ ក្នុងទឹករណ្តៅដីមួយកន្លែង ត្រង់ចំណុច ក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ ដែលករណីដ៏រន្ធត់នេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជារឿងឃាតកម្មដោយសារជនដៃដល់ ប្លន់យកក្រវឹលកាឡៃ១គូ តម្លៃ២៥០០រៀល ពីក្មេងស្រីរងគ្រោះ។

សពក្មេងស្រីរងគ្រោះ មានឈ្មោះ អែម លីហ្សា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ អែម វិចិត្រ អាយុ៣៣ឆ្នាំ និងម្ដាយឈ្មោះ ទ្រី ចិន អាយុ៣៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។

តាមការធ្វើកោសល្យវិច្ឆ័យ កម្លាំងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា «ក្មេងស្រីរងគ្រោះខាងលើ ស្លាប់ដោយជនដៃដល់ប្លន់យកក្រវឹល របស់នាង ព្រោះដោយសារគ្រោះមុនកើតហេតុ ក្មេងស្រីរងគ្រោះមានពាក់ក្រវឹល១គូនោះ នៅឡើយ រួចហើយក៏យកសពទៅ ទម្លាក់ចូល ទៅក្នុងទឹករណ្ដៅ»

មុនពេលកើតហេតុក្មេងស្រីរងគ្រោះ បានទៅចំការជាមួយឪពុកម្តាយ លុះពេលឃ្លានបាយក៏សុំឪពុកម្តាយមកមុន ស្រាប់តែជួបជនដៃដល់ប្លន់យកក្រវឹលតែម្តង។

ក្មេងស្រីរងគ្រោះ បានបាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក្នុងផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប លុះដល់ថ្ងៃកើតហេតុ ទើបត្រូវសាច់ញាតិបានរកឃើញ តែនាងបានស្លាប់ស្ដូកស្ដឹងទៅហើយ។

នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិច្បាប់៕