(ពោធិ៍សាត់)៖ រយៈពេល៧ថ្ងៃ អង្គការ Hello Trust សហការជាមួយកម្លាំងប៉ុស្តិ៍តាលោ បានចុះប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បាន​៦៥គ្រាប់ ដែលនៅសេសសល់ តាំងពីសម័យសង្គ្រាម លើ៧ភូមិ ក្នុងស្រុកបាកាន។

ប្រតិបត្តិការនេះ ធ្វើឡើងចាប់ពីថ្ងៃទី១២​-១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចទីតាំងដី ស្ថិតក្នុងភូមិប្រហាល, ភូមិសំសាន្ត, ភូមិព្រៃកន្ទួត, ភូមិបោសគរ, ភូមិបឹងកក់, ភូមិតាំងគោក និងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា រយៈពេល៧ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ខែតុលា​នេះ កម្លាំងប៉ុស្តិ៍របស់លោក និងបុគ្គលិកអង្គការ Hello Trust បានប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម បាន​​៦៥គ្រាប់ មានដូចជា ម៉ូទ័រ 60mm ​១គ្រាប់, T​69 ​៨គ្រាប់, 60mm ១១គ្រាប់, 72A ​៣គ្រាប់, ម៉ូទ័រ 82mm ១១គ្រាប់, PG7 ១៧គ្រាប់, PG2 ​២គ្រាប់, RGD5​ ១គ្រាប់, F1 ​១គ្រាប់, 82.2mm ​២គ្រាប់, B40 ​៣គ្រាប់, B40.5 ​៣គ្រាប់, M46 ​២គ្រាប់។​

លោកអធិការបានបន្តថា «ក្រោយពេលប្រមូលបានហើយនោះ យើងបានកម្ទេចចោលនៅទីនោះតែម្តង ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងឡាយណាក៏ដោយ ត្រូវរាយការណ៍ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពជំនាញ (Hello Trust) ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ»