(​ប៉េកំាង)៖ ប្រធានាធិបតីហ្វីលីពីន លោក​ រ៉ូឌ្រីហ្គោ ឌុយធើតតេ (Rodrigo Duterte) បាននិយាយនៅក្នុងឱកាសដែលលោកកំពុងបំពេញដំណើរ ទស្សនកិច្ចនៅក្នុងទីក្រុងប៉េកំាង នៅថ្ងៃពុធនេះថា ករណីសាលក្រម របស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិទីក្រុងឡាអេ ស្ដីពីសមុទ្រចិនខាងត្បូង នឹងក្លាយជាប្រធានបទក្រោយគេ នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន ពោលគឺលោកចង់មានន័យថា ចំាភាគីចិនលើកយករឿងនេះមកជជែក គ្នាជាជាងលោកជាអ្នកធ្វើដោយខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

យោងតាមសាលក្រមតុលាការទីក្រុងឡាអេកាលពីខែកក្កដា ចិនគ្មានសិទ្ធិស្របច្បាប់ទាមទារដែនអធិបតេយ្យ ភាពរបស់ខ្លួននៅតំបន់សមុទ្រចិនខាងត្បូងឡើយ។ ប៉ុន្តែទីក្រុងប៉េកំាង មិនបានទទួលស្គាល់សាលក្រមនេះទេ និងថែមទំាងបានបង្កើនសកម្មភាពកាន់តែច្រើនជាងមុន នៅក្នុងតំបន់ជម្លោះ។

ដោយឡែកនៅពេលនេះទំនាក់ ទំនងរវាងចិន និងហ្វីលីពីនហាក់ដូចជាធូរស្រាលច្រើន បន្ទាប់ពីលោក ឌុយធើតតេ បានបង្ហាញពីបំណងចង់ ត្រូវរ៉ូវគ្នាជាមួយទីក្រុងប៉េកំាងវិញ។ ជាក់ស្ដែងនៅថ្ងៃពុធនេះ ប្រធានាធិបតីហ្វីលីពីនរូបនេះបានថ្លែងទៅកាន់ អ្នកសារព័ត៌មានថា «សាលក្រមតុលាការគ្រាន់តែ ជាក្រដាសមួយសន្លឹកប៉ុណ្ណោះហើយវាក៏មិនមែនជារឿងគួរ សម ឬ ជាឆន្ទៈរបស់ខ្ញុំដែរ បើសិនខ្ញុំជាអ្នកលើកយកវាមកនិយាយ។ អ្នកសួរខ្ញុំថាតើវានឹងក្លាយជាប្រធានបទក្រោយគេ? ពិតមែនហើយវាជាប្រធានបទក្រោយគេពិតមែន»

សូមជំរាបថា នៅមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោក ឌុយធើតតេ បានប្រាប់ប្រជាជនហ្វីលីពីន កុំឱ្យព្រួយបារម្ភរឿងលោកងាកទៅចាប់ដៃទីក្រុង ប៉េកាំង ដោយលោកធានាថា នឹងការពារដែនអធិបតេយ្យរបស់ហ្វីលីពីន៕